តុលាការខេត្តកំពង់ឆ្នាំង សូមច្រានចោលពីផ្សាយព័ត៏មានរបស់លោក ផែង វណ្ណៈ ដែលខុសពីការពិត រឿងវិវាទដីធ្លី នៅសង្កាត់ខ្សោម និងឲ្យលោក ផែង វណ្ណៈ ធ្វើការកែតម្រូវព័ត៏មានឡើងវិញ ជៀសវាង...
-

កំពង់ឆ្នាំង៖ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី អ្នកនាងកញ្ញា និងសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថាៈ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានទទួលចាត់ការលើសំណុំរឿងអនុវត្តលេខៈ០៥ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលមានម្ចាស់បំណុលនៃការអនុវត្តឈ្មោះ អ៉ិន ណារី ភេទប្រុស បានដាក់ពាក្យសុំអនុវត្តសាលដីកាស្ថាពរ លេខៈ ៥១៦ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៧ របស់តុលាការកំពូល រវាងភាគីម្ខាងទៀតជាកូនបំណុលនៃការអនុវត្តឈ្មោះ ប៉ែន សាវ៉ាត ភេទស្រី អាយុប្រហែល៦០ឆ្នាំ។

ក្រោយបានទទួលចាក់ការលើសំណុំរឿងនេះ តំណាងអយ្យការ និងជាមន្រ្តីទទួលបន្ទុកកិច្ចការអាជ្ញាសាលាបានបង្គាប់ឲ្យកូនបំណុលនៃការអនុវត្តឈ្មោះ ប៉ែន សាវ៉ាត ធ្វើការអនុវត្តដោយស្ម័គ្រ ចិត្តជាច្រើនសារតែ កូនបំណុលមិនព្រមអនុវត្តដោយស្ម័គ្រចិត្តឡើយ ដោយលើកហេតុផលផ្សេងៗ។ លុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ តំណាងអយ្យការ និងជាមន្រ្តីទទួលបន្ទុកកិច្ចការអាជ្ញាធរសាលាបានបង្កើតគណៈកម្មការចម្រុះមួយក្រុមចុះធ្វើការត្រួតពិនិត្យលើទីតាំងដីវិវាទស្ថិតនៅចំណុចភូមិទី៧ សង្កាត់ខ្សោម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បវាយតម្លៃផលប៉ះពាល់មុនការអនុវត្តដោយបង្ខំ ដោយពេលនោះគណៈកម្មការចម្រុះបានចុះទៅកាន់ទីតាំងដីផ្ទាល់ និងបានសុំកិច្ចសហការពីកូនបំណុលឈ្មោះ ប៉ែន សាវ៉ាត ដើម្បីសុំវាស់វែង និងត្រួតពិនិត្យអចលនវត្ថុដែលកំពុងមានវិវាទ តែភាគីកូនបំណុលឈ្មោះ ប៉ែន សាវ៉ាត មិនព្រមសហការទេ ព្រមទាំងដាក់សំណាញ់ដែកបិទផ្លូវរារាំងដល់អាជ្ញាធរ មិនឲ្យចូលវាស់វែងនិងត្រួតពិនិត្យឡើយ។ គណៈកម្មការបានសម្រេចដកថយត្រឡប់មកវិញដើម្បីរិះរកនិតិវិធីដោះស្រាយដោយសន្តិវិធី។

អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង សូមបញ្ជាក់ដល់សាធារណជនឲ្យបានជ្រាបថាៈ ចំពោះការផ្សព្វផ្សាយព័ត៏មានកាលពីថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០២០ របស់ម្ចាស់គេហទំព័រហ្វេសប៊ុកផេក ឈ្មោះ Pheng Vannak News (ផែង វណ្ណៈ) បានធ្វើការឡាយផ្ទាល់ និងចុះព័ត៏មាននោះគឺខុសពីការពិតទាំងស្រុង។ ដោយបុគ្គលនេះបានធ្វើការផ្សយបន្តផ្ទាល់អត្ថាធិប្បាយចោទប្រកាន់មកលើស្ថានប័នតុលារការខេត្តកំពង់ឆ្នាំងថា បានចេញដីការចាប់ខ្លួនឈ្មោះ ប៉ែន សាវ៉ាត និងគ្រួសារគាត់ទាំងអស់ដែលរស់នៅលើដីវិវាទនោះ គឺពុំមានរឿងដូចការលើកឡើងរបស់លោក ផែង វណ្ណៈ នោះឡើយ។ ការអត្ថាធិប្បាយខាងលើនេះ បង្ហាញពីចេតនាញុះញង់ធ្វើឲ្យមានការភាន់ច្រឡំដល់សាធារណជនចំពោះចំណាត់ការរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយពុំបានប្រមូលព័ត៏មានឲ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយមុននឹងធ្វើការចុះផ្សាយ។ លើសពីនេះទៅទៀតលោក ផែង វណ្ណៈ បានធ្វើការជ្រៀតជ្រែកក្នុងការបំពេញមុខងារសាធារណៈ ព្រមទាំងបានធ្វើការរិះគន់លើសាលដីកា លេខៈ ៥១៦ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៧ របស់តុលាការកំពូលដែលជាអាជ្ញាធរអស់ជំនុំ។ ជាគោលការណ៍ច្បាប់លោកជាអ្នកសារព័ត៏មាន លោកគ្មានសិទ្ធិធ្វើ អត្ថាធិប្បាយ ឬ បកស្រាយច្បាប់ថាបុគ្គលនេះខុស ឬ បុគ្គលនោះត្រូវនោះឡើយ គឺមានតែតុលាការមួយគត់ដែលច្បាប់បានកំណត់ ផ្អែកតាមមាត្រា៦ នៃច្បាប់ស្តីការរៀបចំអង្គការតុលាការ។ ការរិះគន់ខាងលើនេះ ធ្វើឲ្យមជ្ឍដ្ឋានទូទៅបាត់ជំនឿលើប្រព័ន្ធតុលាការដែលច្បាប់បានការពារយ៉ាងតឹងរឹង ហើយដែលមានចែងក្នុងក្រមព្រហ្មទណ្ឌផ្អែកតាម មាត្រា ៥២៣ ផងដែរ និងជាពិសេសបានជ្រៀតជ្រែកឯករាជ្យភាពរបស់ប្រព័ន្ធតុលាការយ៉ាងធ្ងន់ធ្ងរ ទន្ទឹមនឹងក្រសួងយុត្តិធម៏កំពុងតែយកចិត្តទុកដាក់ក្នុងការបើយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដោយមិនគិតពីការនឿយហត់បន្តិចសោះឡើយ ធ្វើយ៉ាងណាស្វែងរកយុត្តិធម៏ និងដោះស្រាយសំណុំរឿងកកស្ទះឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ។ តែបុគ្គលឈ្មោះ ផែង វណ្ណៈ មិនបានផ្សព្វផ្សាយអំពីសមិទ្ធផលរបស់តុលាការកន្លងមកទេ បែរជាផ្សព្វផ្សាយព័ត៏មានមានលក្ខណៈញុះញង់ធ្វើឲ្យ មតិសាធារណជនមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរមកលើប្រព័ន្ធតុលាការទៅវិញ។

អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង សូមឲ្យបុគ្គលឈ្មោះ ផែង វណ្ណៈ ជាម្ចាស់គេហទំព័រហ្វេសប៊ុកផេកឈ្មោះ Pheng Vannak News ធ្វើការកែតម្រូវព័ត៏មានរបស់លោកដែលបានធ្វើការផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នោះឡើងវិញមិនឲ្យហួសថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះឡើយ ជៀសវាងនាំឲ្យមានការភាន់ច្រឡំដល់សាធារណជនបន្តទៀត ចំពោះចំណាត់ការរបស់តុលាការ។

ក្នុងករណីលោក (Pheng Vannak News "ផែង វណ្ណៈ) មិនធ្វើការកែតម្រូវព័ត៏មានរបស់លោកខាងលើតាមពេលកំណត់នោះទេ តុលាការនឹងចាត់វិធានការទៅតាមផ្លូវច្បាប់៕