ភ្នំពេញ៖នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា ខ្លួនបានរកឃើញករណីកូវីដ១៩ នៅលើខ្លួនជនជាតិខ្មែរ២រូបទៀត ដែលទើបត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី។

ករណីវិជ្ជមានវីរុសកូរីដ១៩ថ្មី ចំនួន ០២នាក់នោះ មានបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ និងបុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ ដែលមានអាសយដ្ឋាននៅខេត្តកំពង់ចាម ហើយអ្នកទាំងពីរ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរត្រង់មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ គួរកត់សម្គាល់ថា ជើងហោះហើរនេះ មានអ្នកដំណើរសរុបចំនួន ៤៦នាក់ (ស្រ្តី២៤នាក់) ហើយក្នុងចំនួននេះ មានជនជាតិខ្មែរចំនួន៤២នាក់ (ស្រ្តី២២នាក់) និងជនជាតិឥណ្ឌូណេស៊ីចំនួន០៤នាក់ (ស្រ្តី០២នាក់ ក្នុងនេះមានកុមារីអាយុ០៤ឆ្នាំ០១នាក់)។ អ្នកដំណើរចំនួន៤៨នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡឺស័កជម្ពូវ័ន១ មណ្ឌលចត្តាឡឺស័កនៅតាមបណ្តាខេត្តដែលបុគ្គលរស់នៅ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នកដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ ដើម្បីតាមដានសុខភាពបន្តទៀត។

