ឯកឧត្តម ហ៊ុន ម៉ាណែត ប្រគល់រថយន្តចំនួន២៩០គ្រឿង ជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលថវិការបានមកពីការចូលរួមជួយឧបត្ថម្ភពីសំណាក់ក្រុមសប្បុរសជនក្នុងប្រទេស បន្ទាប់ពីសម្តេចអំពាវនាវឲ្យមានការជួយដល់កងទ័ព
ស៊ីហៀង
-

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១៨ មិថុនា ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក  បានធ្វើការ ប្រគល់និងទទួលរថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលថវិការបានមកពីការចូលរួមជួយឧបត្ថមពីសំណាក់ក្រុមសប្បុរសជនក្នុងប្រទេស ដែលមានសមានចិត្តជួយលើកកម្ពស់ប្រសិទ្ធភាពនិងលទ្ធភាព របស់កងកម្លាំងប្រដាប់អាវុធក្នុងការបំពេញភារកិច្ចបម្រើជាតិនិងប្រជាជនយើង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានឲ្យដឹងទៀតថា ថវិកាសម្រាប់ទិញរថយន្តយោធាទាំង ២៩០គ្រឿងនេះ គឺជាថវិកាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានពីសប្បុរសជននានា បន្ទាប់ពីសម្តេចអំពាវនាវឲ្យមានការជួយដល់កងទ័ព។លោកបានឲ្យដឹងថា គ្រាន់តែមួយឆ្នាំៗ សម្ព័ន្ធមេត្រីភាពជួយឧបត្ថម្ភតាមការអំពាវនាវរាប់លានដុល្លារ ដើម្បីជួយកាត់បន្ថយបន្ទុក របស់រាជរដ្ឋាភិបាល ក្នុងការជួយលើកតម្កើងដល់វិស័យការការពារជាតិ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អត់បានប្រើប្រាស់ថវិការដ្ឋ ១រៀលទេ! គឺកើតចេញពីការកៀរគរក្រុមហ៊ុន និងសប្បុរសជនទាំងអស់។ ហើយសូមបញ្ជាក់ រឿងសម្តេចតេជោអំពាវនាវឲ្យជួយកងទ័ព មិនមែនគាត់ទើបតែធ្វើទេ គឺគាត់ធ្វើរាប់ឆ្នាំមកហើយ»។