ថ្ងៃនេះ អូនមកបានមកជូនដំណើរបង បានគេងក្បែរបង មើលមុខអ្នកជាលើកចុងក្រោយ សូមទៅឲ្យបានសុខណា មនុស្សល្អរបស់អូន
-

ជីវិតរបស់មនុស្សយើងមិនទៀងទាត់នោះទេ មានថ្ងៃខ្លះក៏ឈឺ មានថ្ងៃខ្លះក៏សប្បាយ មានថ្ងៃខ្លះក៏កើតទុក្ខជារឿងធម្មតា ។ មនុស្សដែលបានរស់នៅលើផែនដី ដ៏ធំធេងមួយនេះ បានស្គាល់គ្រប់រស់ជាតិ ជីវិត ក្តៅ ត្រជាក់ រងា ឯកា ឈឺចាប់ សុទ្ធតែមនុស្សយើងជួបប្រទះ តែរឿងមួយដែលធ្វើឲ្យមនុស្សយើងឈឺចាប់ ហើយគ្មានថ្ងៃអាចបំភ្លេចបាននោះ គឺជាមនុស្សដែលយើងស្រលាញ់ គាត់ចាកចេញទៅ គ្មានថ្ងៃត្រឡប់ ។ ការទន្ទឹងរង់ចាំ ការមើលឃើញមនុស្សដែលយើងស្រលាញ់ គាត់ចាកចេញទៅ ទៅគ្មានថ្ងៃត្រឡប់ វាពិតជាឈឺចាប់ណាស់ យើងចង់ឃើញគេរស់នៅដោយមានសុភមង្គល មានជីវិតដ៏ប្រសើរ មានក្តីសុខ មានស្នាមញញឹម មានអ្វីគ្រប់យ៉ាងដែលគេចង់បាន តែយើងមិនចង់ឃើញភាពស្ងប់ស្ងាត់របស់គេនោះទេ ភាពស្ងប់ស្ងាត់មួយនេះគឺវាស្ងាត់ពេកហើយ សូម្បីតែដង្ហើមរបស់គេក៏យើងមិនបានលឺផង សូម្បីតែភ្នែកក៏មិនព្រិចផង ទោះយើងខំហៅយ៉ាងណាក៏គេធ្វើព្រងើយដាក់យើង គេធ្វើមិនដឹង គេមិនយល់ថាយើងឈឺចាប់ប៉ុណ្ណា គេមិនអើពើទាល់តែសោះចំពោះយើង។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Socheata Chea បានបង្ហោះសារយ៉ាងវែងលើបណ្តញសង្គមហ្វេសប៊ុក ជូនដំណើរមនុស្សដែលធ្លាប់ស្រលាញ់ ធ្លាប់តែផ្តល់ស្នាមញញឹម ធ្លាប់តែផ្តល់ក្តីស្រលាញ់ឲ្យគ្នា ទៅកាន់ទីឋានដែលសុខ ទីស្ងប់ ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "បន្ទាប់ពីយើងបែកគ្នា ពីរឆ្នាំជាងមកនេះ ខ្ញុំមិនដែលបានកំដរអ្នក នៅក្បែរអ្នក គេងជិតអ្នកនោះទេ គឺពួកយើងប្រើជីវិតផ្សេងគ្នា ដើរផ្លូវជីវិតរៀងខ្លួន ...ខ្ញុំមិនដែលសូម្បីតែគិតថាយើងអាចជួបគ្នាវិញ រឺអាចនៅជិតគ្នាម្ដងទៀតនោះដែរ តែពេលនេះ យប់នេះខ្ញុំក៏មកគេងផ្ទះអ្នក គេងកំដរអ្នក ហើយក៏នៅក្បែរអ្នក ក្នុងរាត្រីចុងក្រោយដ៏សែនគ្រាំគ្រាសោកសៅបំផុតទៅវិញ ...

ខ្ញុំមិនចង់ព្រាត់បែបនេះទេ ព្រាត់ទាំងបាត់រូបកាយទៅបែបហ្នឹង ខ្ញុំមិនព្រមទទួលស្គាល់ការពិតសោះឡើយប៉ុន្មានថ្ងៃនេះ ខ្ញុំយំ ខ្ញុំគ្មានកំលាំង ខ្ញុំបាយមិនចូល គ្រប់យ៉ាងគឺឆ្អែត ទាំងអារម្មណ៍ ចិត្តកាយ នឹងក្រពះដែលមិនព្រមទទួលអាហារ ...

ទោះយើងបែកគ្នា ក៏ខ្ញុំមិនដែលខឹង ស្អប់ ប៉ុន្តែខ្ញុំតែងគិតថា អាចសំលឹងមើលអ្នកពីចំងាយ អាចរាប់អានគ្នាបែបរាល់ដង អាចដឹងសុខទុក្ខគ្នា អាចរស់នៅលើពិភពលោកតែមួយ ទោះមិនមែនជាស្នេហាក៏ដោយ ប៉ុន្តែព្រហ្មលិខិតមិនមេត្តា ចំពោះមនោសញ្ចេតនាមួយនេះ មិនប្រណីដល់ពួកយើង....

បន្ទាប់ពីថ្ងៃដែលអ្នកផុតទៅ ខ្ញុំតែងខំគេង ខំដើម្បីបានយល់សប្តិឃើញអ្នកឃើញស្នាមញញឹមអ្នកជាលើកចុងក្រោយ ប៉ុន្តែប្រហែលជាខ្ញុំមិនអាចគេងស្ងប់ ទើបខ្ញុំមិនឃើញអ្នកក្នុងយល់សប្តិទាល់តែសោះ តើអ្នកនៅទីណា កំពុងធ្វើអី ឯកាអត់ ?

សូមចងចាំថា ខ្ញុំ ក៏ដូចជាគ្រួសារ ញាតិមិត្ត នឹងមិត្តភក្រ្ត័ទាំងអស់ តែងចងចាំរូបអ្នកក្នុងបេះដូង ទោះរូបកាយអ្នកមិនឋិតនៅទីនេះ តែភាពល្អ ទង្វើរល្អ កាយវិការល្អៗរបស់អ្នក នឹងនៅជាមួយពួកយើងរហូត តទៅ ...

សូមទៅអោយបានសុខណា កុំបារម្មណ៍... បើសិនអ្នកអាចមើលឃើញ អ្នកនឹងសប្បាយចិត្ត ព្រោះខ្ញុំមកផ្ទះអ្នក មកជិតអ្នករាល់ៗថ្ងៃ យប់នេះក៏កំដរអ្នកទៀត ហើយស្អែក ក៏ជូនដំណើរអ្នកទៅដល់កន្លែងដែលស្ងប់សុខ អ្នកនៅទីនោះដោយសប្បាយចិត្ត ផុតទុក្ខ មានតែក្ដីសុខ...

ឆាកជិវិតមួយនេះ ពួកយើងពិតជាធ្លាប់មានក្ដីសុខ ពិតជាធ្លាប់ស្រលាញ់គ្នា ដូច្នេះការបាត់បង់អ្នកក្នុងពេលនេះ ខ្ញុំឈឺ ខ្ញុំពិបាក ខ្ញុំគ្រាំគ្រា លើសពីអ្វីៗដែលអាចបរិយាយបាន ហើយខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំពិតជាមិនបានស្ដាយក្រោយដែលពួកយើងធ្លាប់ស្រលាញ់គ្នា ព្រោះពេលនោះវាជាស្នេហាមួយដែលបរិសុទ្ធបំផុតចេញពីបេះដូង ? Chhin Borey

ប្រភព៖ Socheata Chea