ការធ្វើសមាធិ អាចកាត់បន្ថយ ការពិបាកចិត្ត ឬ ស្រ្តេស និង ទប់ស្កាត់ជំងឺបាក់ទឹកចិត្ត
-

នាពេលបច្ចុប្បន្ននេះ មានមនុស្សច្រើនណាស់ ដែលកំពុងតែមានជំងឺបាក់ទឹកចិត្ត តាមរយៈផ្សេងៗគ្នា ជាហេតុធ្វើឲ្យចិត្តមួយនេះ មានសម្ពាធ មានបញ្ហាស្មុគស្មាញ ពិបាកចិត្ត មិនអាចទប់អារម្មណ៍របស់ខ្លួនបាន ព្យាយាមឃុំខ្លួនឯង នៅក្នុងស្ថានភាពដ៏ងងឹតសូន្យ គ្មានពន្លឺរស្មីជីវិតអ្វីបន្តិចសោះ។ 

មនុស្សបាក់ទឹកចិត្តតែងតែមានអាការៈប្លែកៗ ទៅតាមសណ្ឋានរៀងៗខ្លួន ។ អ្នកជំងឺខ្លះបានព្យាយាមរកវិធីដោះស្រាយ ដោយការប្រាប់ទៅកាន់អ្នកដ៏ទៃ ពីអារម្មណ៍របស់ខ្លួនដែលកំពុងតែមាននៅពេលនេះ តែហាក់ដូចជាឥតបានការ ឬ មានប្រយោជន៍អ្វីឡើយ ព្រោះថា ពេលប្រាប់គេ តែយើងខ្លួនឯងមិនបានស្គាល់ មិនបានដឹងថាខ្លួនឯងធ្វើអ្វីនៅពេលនេះ។ នៅក្នុងខ្លួនចេះតែមានភាពស្រពិចស្រពិល រកមិនឃើញចំលើយ ថាខ្លួនឯងកើតអ្វី ហេតុអ្វីបានជាចេះតែស្មុគស្មាញគ្រប់ពេល ពេលខ្លះគ្មានអ្វីសោះក៏ធ្វើឲ្យអ្នកចង់តែផ្តេសផ្តាសក៏មាន។ 

អាការៈនៃអ្នកជំងឺបាក់ទឹកចិត្ត ដែលត្រូវបានគេបង្ហោះសារចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក វាហាក់ដូចជាមិនត្រឹមត្រូវ ១០០ភាគរយនោះទេ ព្រោះថា មានមនុស្សខ្លះគាត់ មានសភាពធម្មតា ដូចមនុស្សទូទៅដែល តែគ្រាន់តែមួយរយៈពេលក្រោយមក ស្រាប់តែគាត់កើតជំងឺបាក់ទឹកចិត្តបាត់ទៅហើយ។ តើអ្វីឲ្យប្រាកដទៅ ដែលហៅថាជំងឺបាក់ទឹកចិត្ត?

ជំងឺបាក់ទឹកចិត្តវាបានមកនៅក្នុងខ្លួនមនុស្សយើង ជាយូរមកហើយ ដោយបង្កើតជាបំណែកតូចនៅក្នុងប្រព័ន្ធប្រសាទរបស់យើង ចេះតែធ្វើឲ្យយើងរវើរវាយ ស្មុគស្មាញ មានបញ្ហាឈឺក្បាល​ ចេះតែចង់នៅម្នាក់ឯង មិនចង់ជួបអ្នកណា ស្ថិតនៅក្នុងបន្ទប់តូចមួយ ក្នុងស្ថានភាពងងឹត មានអារម្មណ៍ចង់សម្លា​ ប់ខ្លួនគ្រប់ពេល។

ទោះបីជាស្ថានភាពនៅតែមិនអាចបញ្ជាក់ថាអ្នកមានជំងឺបាក់ទឹកចិត្ត១០០ភាគរយក៏ពិតមែន តែអ្នកត្រូវព្យាយាមនៅក្បែរមនុស្ស កុំសំងំនៅតែម្នាក់ឯង​ ព្រោះស្ថានការណ៍និងធ្វើឲ្យកាន់តែធ្លាក់ជ្រោះជ្រៅទៅៗ រហូតដល់ថ្ងៃមួយអ្នកនឹងលះបង់គ្រប់យ៉ាងសូម្បីតែជីវិតរបស់អ្នក។

ដោយឡែកបងប្អូនជាច្រើនប្រាកដជាបានធ្លាប់ស្គាល់ ធ្លាប់លឺពីប្អូនប្រុសម្នាក់ ដែលគាត់បានចាកចេញពីគ្រួសារ ដើរសំដៅទៅកាន់ព្រៃមួយកន្លែង​ ព្រោះតែគាត់មានជំងឺបាក់ទឹកចិត្ត។ ម្ចាស់គណនីហ្វេសប៊ុក Chantra បានបង្ហោះសារជីវិតពិតរបស់ខ្លួន បន្ទាប់ពីមានគំនិតគិតខ្លីរួចមក ។ នាពេលកន្លងមក ប្អូនប្រុសធ្លាប់បានបង្ហោះពីផលវិបាកនៃជំងឺបាក់ទឹករួមមកហើយ ហើយថ្ងៃនេះ ប្អូនប្រុស និងបង្រៀនបងប្អូនទាំងអស់គ្នា ឲ្យចេះធ្វើសមាធិ ដើម្បីដោះស្រាយបញ្ហា និងវិប្បត្តិផ្លូវចិត្ត ខ្លះ ក្នុងការកាត់បន្ថយបញ្ហាស្មុគស្មាញ ក៏ដូចជា​ បំបាត់ជំងឺបាក់ទឹកចិត្ត។ 

នៅក្នុងគណនីហ្វេសប៊ុកបានបង្ហោះសារថា "***បច្ចេកទេសសមាធិ*** ***មិនសំរាប់អ្នកដែលមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរឡើយ*** ***សូមអានដោយការយកចិត្តទុកដាក់***

***បញ្ជាក់ ការសមាធិនេះមាន លក្ខណៈ ជាសកល មិនប្រកាន់និកាយ ឬ សាសនាណាមួយឡើយ មានលក្ខណៈបែបវិទ្យាសាស្រ្តសុទ្ធសាធ***។ បច្ចេកទេសនេះ អាចកាត់បន្ថយ ការពិបាកចិត្ត ឬ ស្រ្តេស និង ទប់ស្កាត់ជំងឺបាក់ទឹកចិត្ត។ វាត្រូវបានរកឃើញដោយអ្នកប្រាជ្ញម្នាក់មានឈ្មោះថា “ព្រះសម្មាសម្ពុទ្ធ”។

ដំបូងយើងត្រូវអង្គុយពេនភ្នេនតាមរបៀបបែបណាក៏បានសំខាន់អោយតែយើងអាចអង្គុយបានយូរក្នុងពេលអង្គុយសមាធិម្តងៗ រួចហើយបញ្ឈរខ្នង នឹងកញ្ចឹងកអោយត្រង់( ដូចក្នុងរូបខាងក្រោម)។

នៅពេលយើងចាប់បិទភ្នែក យើងប្រមូលអារម្មណ៍ទៅរកផ្លូវចេញ-ចូលរបស់ដង្ហើម គឺចំណុចក្នុងរុន្ធច្រមុះឬលើបបូរមាត់លើ ចេះតែពិនិត្យមើលចរន្តខ្យល់ដង្ហើមចេញ ដង្ហើមចូលដង្ហើមចូលវែង ដង្ហើមចេញវែង ដង្ហើមចូលខ្លីដង្ហើមចេញខ្លី តាមភាពពិតរបស់វា មិនមែនជាការហាត់ដកដង្ហើមទេ។ គឺយើងពិនិត្យមើលដង្ហើមតាមធម្មជាតិរបស់វា។

នៅពេលយើង ពិនិត្យមើលដង្ហើម ទើបយើងដឹង ថាចិត្តរបស់យើង គ្មានសណ្តាប់ ចិត្តរបស់យើងនឹង គិតពីរឿងជាច្រើន។ ពេលវាមានសភាពបែបនេះយើង កុំមានអារម្មណ៍តានតឹង កុំប្រតិកម្មជាមួយវាគ្រាន់តែទទួលស្គាល់ថាចិត្តបានដើរទេស ហើយទាញវាត្រឡប់មករកដង្ហើមវិញ។ ចិត្តយើងវារពិលរប៉ូចណាស់ ចិត្តដូចជាស្វារព្រៃលោតពីមែកឈើមួយទៅមែកឈើមួយទៀតៗ យើងកុំខឹងកុំស្អប់វាពីព្រោះជាទម្លាប់ចិត្តរបស់យើងម្នាក់ៗយើងត្រូវតែហ្វិកហាត់វាដោយចិត្តអំណត់ជាខ្លាំង មិនយូរប៉ុន្មានយើងនឹងបានជោគជ័យ។

នៅពេលយើងអង្គុយយូរ យើងតែងតែមានភាពឈឺចាប់ពេញរាងកាយ (មានការឈឺចាប់ខ្លះមានលក្ខណៈប្លែកៗ យើងមិនអាចដាក់ឈ្មោះអោយវាបានទេ)។ សូមកុំភយ័ កុំតក់ស្លុត។ សូមរក្សាលំនឹងចិត្តអោយនឹង រួចពិនិត្យមើលតែដង្ហើម ដោយមិនធ្វើប្រតិកម្មនឹងការឈឺចាប់ទាំងនោះ។ ហើយពេលខ្លះទៀតយើងមានអារម្មណ៍ថាស្រួលខ្លួន។ យើងក៏មិនត្រូវមានប្រត្តិកម្មវាមួយវាដែរ(គឺមិនត្រូវត្រេកអរ)អ្នកចេះតែសាកល្បងធ្វើររបៀបនេះអោយបានទៀងទាត់យ៉ាងតិចមួយថ្ងៃបាន ២ ម៉ោង។ ព្រឹកមួយម៉ោង និង យប់ មួយម៉ោង។ ឬ យប់២ម៉ោង ដោយពេលចប់មួយម៉ោង សម្រាក ៥ ទៅ ១០ នាទី រួចសមាធិមួយម៉ោងបន្តទៀត។

សូមសមាធិនៅកន្លែងស្ងាត់ដែលគ្មានសំលេងរំខាន។ ពេលសមាធិយូៗទៅ អ្នកនឹងអាចគ្រប់គ្រងចិត្តរបស់ខ្លួនឯងបាន។

ខ្ញុំនឹងចែករំលែកធម្មទេសនាដើម្បី អោយអ្នកមានសទ្ធាជ្រះថ្លារហើយចង់សាកល្បងធ្វើរសមាធិនេះ។ អ្នកអាចស្តាប់វានៅ comment ខាងក្រោម។ សម្រាប់បញ្ចេកទេសនេះមានឈ្មោះថាវិបស្សនា។ វាមាន មជ្ឈមណ្ឌលបង្រៀនរៀងរាល់ខែ តែដោយរដូវកូវីតគេផ្អាកការបង្រៀនមួយរយៈ ខ្ញុំបានទទួលការណែនាំពីពូម្នាក់ដែលគាត់ធ្លាប់បានទៅរៀន ហើយគាត់បានចែករំលែករឿងនេះដល់ខ្ញុំ ខ្ញុំទើបតែរៀនថ្នាក់(ក -ខ)នៃមតេយ្យបញ្ចេកទេសនេះតែប៉ុណ្ណោះ តែខ្ញុំទទួលបានផលប្រយោជន៍ជាច្រើន ទើបខ្ញុំចង់ចែករំលែកដល់បងប្អូនដែលរងទុក្ខដូចខ្ញុំអោយបានដឹងថាពិតជាមានផ្លូវចាកចេញពីទុក្ខបាន។

ពេលគេបើកបង្រៀនវិញខ្ញុំនឹងទៅសាកល្បងអោយបានមួយវគ្គ10ថ្ងៃដើម្បីជាប្រយោជន៍សម្រាប់ខ្ញុំក្នុងការរស់នៅប្រចាំថ្ងៃ។

ខ្ញុំសូមអភ័យទោសចំពោះមិត្តអ្នកអាន នូវពាក្យមិនសមរម្យ ឬខុសឆ្គងដោយប្រកាណាមួយរបស់ខ្ញុំចំពោះសំនេរនេះ សូមអោយមនុស្សដែលរងទុក្ខទាំងអស់បានស្គាល់បញ្ចេកទេសនេះ សូមអោយបញ្ចេកទេសនេះរីករាលដាលទៅសព្វទីកន្លែងក្នុងសកលលោក។សូមអោយសព្វសត្វបានសេចក្តីសុខ???។ សូមអរគុណ៕

ប្រភព៖ Chantra