លោកតាន់​ គឹមសួរ ថា ពួកគាត់ស៊ូទ្រាំខាំមាត់សង្កត់ចិត្ត ព្រោះតែលុយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ មិនគិតថ្ងៃអនាគត ថានឹងអាចជួបបញ្ហាសន្លាក់ឆ្អឹង
-

នាពេលបច្ចុប្បន្ននេះ​ មានបងប្អូនជាច្រើន​បានទៅដើរលេងកម្សាន្ត នៅភ្នំខ្នងផ្សារ ដែលជាភ្នំមួយដ៏ស្រស់ស្អាត​ មានទេសភាពស្រស់ស្រាយ និងធ្វើឲ្យអារម្មណ៍បងប្អូនស្រស់ថ្លា រំសាយទុក្ខកង្វល់នៅក្នុងចិត្ត ពេលបានប៉ះជាមួយនឹងទេសភាពដែលល្អឥតខ្ចោះ ជាមួយនិងកាហ្វេពេលព្រឹក គយគន់ព្រះអាទិត្យរះឡើងកំពូលភ្នំ មានពពកជុំជិត ខ្យល់បក់ត្រជាក់ជាប់កាយ ។

ដោយឡែកបន្ទាប់ពីមានបងប្អូនជាច្រើនបានទៅលេងកម្សាន្តនោះ ក៏មានសេវាស្ពាយអីវ៉ាន់ដោយបងប្អូននៅក្នុងមូលដ្ឋាននោះ ដើម្បីទទួលបានកម្រៃ ចិញ្ចឹមគ្រួសារ ។ ជាក់ស្តែងបន្ទាប់ពីបានឃើញរូបភាពប៉ន្មានសន្លឹករបស់បងប្អូន ដែលអ្នកស៊ីឈ្នួលស្ពាយអីវ៉ាន់ ឡើងភ្នំនោះ ស្រាប់តែមានបងប្អូនជាច្រើន សម្តែងការអាណិតអាសូរដល់ពួកគាត់ ព្រោះតែគ្រួសារ និងបញ្ហាជីវិត។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានជជែកវែកញែក ចំពោះសម្ភារៈដែលពួកគាត់បានស្ពាយជាប់កាយ មើលទៅដូចជាច្រើនណាស់ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក តាន់ គឹមសួរ បានបង្ហោះសារយ៉ាងច្រើនបែបនេះ ក្នុងអត្តន័យព្រួយបារម្ភពីសុខភាពរបស់ពួកគាត់ទៅថ្ងៃអនាគត។ នៅក្នុងសារនោះបានសរសេរថា "ស៊ូទ្រាំខាំមាត់សង្កត់ចិត្ត ព្រោះតែលុយដើម្បីផ្គត់ផ្គង់ជិវភាពគ្រួសារ មិនគិតថ្ងៃអនាគតថានឹងអាចជួបបញ្ហាសន្លាក់ឆ្អឹង???"។