ត្រៀមអាវភ្លៀងផងបងប្អូន! ចាប់ពីស្អែកទៅ ដល់ថ្ងៃទី៣០ ខែមិថុនានេះ ភ្លៀងនឹងបន្តធ្លាក់ពីខ្សោយទៅច្រើន ព្រមជាមួយ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ផងដែរ
-

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី បក់ក្នុងកម្រិតបង្គួរ ជាមួយនឹងជ្រលងសម្ពាធទាប បន្តអូសបន្លាយលើកម្ពុជា។ 

ស្ថានភាពបែបនេះធ្វើឲ្យ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖

- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ

- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេ។

អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ។ ក្នុងនោះក៏មានផ្នែកខ្លះនៃបណ្តាខេត្ត នៅភាគពាយ័ព្យជាប់ប្រទេសថៃភាគខាងក្រោម និងភាគខាងកើត ជាប់ប្រទេសវៀតណាមនឹងអាចមាន ភ្លៀងធ្លាក់ច្រើន។

២. បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ

- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ ។ស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយ ទៅមធ្យម ។

៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨អង្សាសេ

- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ ។ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ។

អាស្រ័យហេតុនេះ ក្រសួងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានជាយហេតុ៕