រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាំដើមឈើប្រភេទធ្នង់ អមសងខាងផ្លូវ២១៧ ចាប់ពីលើងស្ដុបចំការដូង រហូតដល់រង្វង់មូលនាងគួរស្រូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកកាត់បន្ថយជាតិពុល ក្នុងបរិយាកាស និងបង្កើនបរិស្ថានបែតងសម្រាប់ប្រជាពលរដ្ឋតាមដងផ្លូវ។

បើយោងតាមគណនីហ្វេសប៊ុករបស់ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះសារថា "បរិស្ថានបៃតងជាចំណែកមួយនៃសោភណភាពសម្រស់របស់រាជធានីភ្នំពេញ និងអុកស៊ីហ្សែនខ្យល់ដង្ហើមដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ និងដាំកូនឈើប្រណីតៗ នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ដោយចាប់ផ្ដើមដាំពីស្តុបចំការដូង រហូតដល់រង្វង់មូលគួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាលហើយប្រភេទដើមឈើដែលត្រូវដាំជាប្រភេទឈើប្រណិត ដោយដាំអមសងខាងផ្លូវចន្លោះពីគ្នា ប្រមាណ៨ម៉ែត្រ ហើយជាគម្រោង ដើមឈើដែលត្រូវដាំនៅតាមបណ្តោយផ្លូវនេះ មានប្រមាណ១៨៤០ដើម លើចំងាយផ្លូវប្រវែង៧គីឡូម៉ែត្រសងខាង (ស្មើ១៤គីឡូម៉ែត្រ)។

នារសៀលថ្ងៃអង្គារ ០៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការរៀបចំផែនការ និងបែកចែកភារកិច្ចក្នុងការដាំដើមឈើក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ដើម្បីចូលរួមចំណែកកាត់បន្ថយជាតិពុលក្នុងបរិយាកាស រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាំដើមឈើប្រភេទធ្នង់ នៅអមសងខាងផ្លូវ២១៧ ចាប់ពីភ្លើងស្ដុបចំការដូង រហូតដល់រង្វង់មូលនាងគួរស្រូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការដាំដើមឈើលម្អផ្លូវ ត្រូវតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានអមសងខាងផ្លូវ ក្នុងការចូលរួមដាំ មើលថែ និងថែទាំឱ្យដើមឈើលូតលាស់បានល្អ"៕







ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ