ខេត្តរតនគិរី៖ នៅថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ មន្ត្រីសាខា ក.ប.ប ខេត្តរតនគិរី ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារបានលុង ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមានដូចជា៖ ងៀតបបែល ពពុះសណ្តែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ។ ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប ខេត្តរតនគិរី បានធ្វើតេស្តរកកំហាប់អីយ៉ូតក្នុងអំបិលផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញអំបិលគ្មានអ៊ីយ៉ូត រួមជាមួយងៀតបបែលមានផ្ទុកសារធាតុគីមីហាត់ឃាត់ សរុបចំនួន ១១.៦០ គីឡូក្រាម។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ រក្សាទុកដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕






ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF