ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ២០៨ ផ្ទះលេខ3i ក្រុមទី២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីភ្លើងឆេះផ្ទះមួយបណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលមានក្មេងស្រី២នាក់ ជាប់នៅក្នុងផ្ទះ អាជ្ញាធរយើងក៏បានគាស់ទ្វារ យកក្មេងចេញមកខាងក្រៅដោយសុវត្ថិភាព។

ម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះថា អ៊ឹង ពិសិដ្ឋ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ផ្ទះធ្វើអំពីថ្មបេតុង ទំហំ ៤ម៉ែត្រx១៦ម៉ែត្រ ) ។ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានថ្លែងឲ្យដឹងថា ពេលលោកជិះកាត់ទីតាំងកើតហេតុ ក៏មានប្រជាពលរដ្ឋ ស្រែកផ្អើល ជួយពន្លត់ភ្លើ ង ដែល ឆេះ ផ្ទះ។ លោកក៏ដឹកនាំកម្លាំង ចុះអន្តរាគមន៍ ពេលចូលទៅដល់ឃើញផ្ទះល្វែង បានចាក់សោជាប់ ស្រែកហៅអ្នកក្នុងផ្ទះ ស្រាប់តែឃើញក្មេងស្រីតូចៗ ២នាក់ រត់បើកទ្វារតែជាប់សោ។ ក្រោយមកក៏ស្រែកឲ្យក្មេងអែបទៅម្ខាង ហើយអាជ្ញាធរយើង ក៏បានគាស់ទ្វារ យកក្មេងចេញមកខាងក្រៅ ដោយសុវត្ថិភាព គ្រាន់តែរាងភិតភ័យតែប៉ុណ្ណោះ។

ករណីឆេះនេះគឺបណ្តាលមកពីឆេះម៉ាស៊ីនត្រជាក់ និងសម្ភារមួយចំនួន តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់ឡើយ ។
