សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ថា​ រឿងដីធ្លីត្រូវតែជម្រះគ្នាម្តង ពេលនេះ ជាពេលដែលត្រូវធ្វើការវះកាត់ហើយ
ស៊ីហៀង
-

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងបញ្ជាក់ថា បញ្ហាដីធ្លីដល់ពេលដែលត្រូវតែជម្រះ និងត្រូវវះកាត់ហើយ ។

បើយោងតាម ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៏មាន បានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុក ថា "រឿងដីធ្លីត្រូវតែជំរះគ្នាម្តង ។ ពេលនេះ ជាពេលដែលត្រូវធ្វើការវះកាត់ហើយ - សម្តេច ហ៊ុនសែន ក្នុងបញ្ហាដីនៅ គាស់ក្រឡ ខេត្តបាត់ដំបង​ មុនពេលចាប់ផ្តើមសម័យប្រជុំគណរដ្ឋមន្ត្រី ថ្ងៃទី ៣ កក្កដា ២០២០"។

គួរបញ្ជាក់ផងដែរថា បញ្ហាវិវាទដីធ្លី នៅស្រុកគាស់ក្រឡរវាងឧកញ៉ា សង ថន និងប្រជាពលរដ្ឋ បានក្លាយជាប្រធានបទយ៉ាងកក្រើក ដែលធ្វើប្រជាពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ជាខ្លាំង។ ចំពោះបញ្ហាវិវាទដីធ្លីនេះ នាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់តំណែងអភិបាលស្រុកគាស់ក្រឡលោក ម៉ៅ សុចាន់។

លោក​ សង ថន​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​តាំង​ពី​លា្ងច​ថ្ងៃទី​២៧ ​ខែ​មិថុនា​ ក្រោម​ហេតុ​ផល​ថា​ លោក​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ទំនាស់​ដីធ្លី​មួយ​ក្នុង​ស្រុក​គាស់ក្រឡ ​ខេត្ត​បាត់ដំបង។​ នេះ ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក។​ លោក​ សង ថន ​ត្រូវ​បានគេ​រាយ​ការណ៍​ថា លោក​មាន​ដី​ប្រមាណ​ ៥ ពាន់​ហិកតា ​ក្នុង​ស្រុក​គាស់​ក្រឡ ខេត្ត​បាត់ដំបង៕