ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៏មាន ស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរពីប្រទេសហ្វីលីពីន មួយរយៈចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះតទៅ។ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ សូមជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លើលិខិតលេខ ១៧៤សខល ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសហ្វីលីពីន មួយរយៈចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០តទៅ។

ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលចូលជាធរមានកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ បានរួមចំណែកដល់ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងកត់សម្គាល់ឃើញថា អត្រាឆ្លងបានហក់ឡើងយ៉ាងគំហុកនៅប្រទេសហ្វីលីពីន ដែលធ្វើឱ្យអត្រាអ្នកផ្ទុកវីរុសកូវីដ១៩ ខ្ពស់ជាងគេបំផុត នៅក្នុងបណ្តាប្រទេសមាជិកអាស៊ាន។ ដូច្នេះអ្នកដំណើរមកពីប្រទេសហ្វីលីពីន ក៏ជាការព្រួយបារម្ភផងដែរ ម្យ៉ាងទៀតកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ជើងហោះហើរពីប្រទេសហ្វីលីពីនមួយ ដែលមានអ្នកដំណើងសរុបចំនួន១១៩នាក់ ត្រូវបានធ្វើតេស្តរកឃើញមានអ្នកវិជ្ជមានវីរុសកូវីដ១៩ រហូតដល់១៣នាក់ ដែលបានបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានសុខភាពសាធារណៈ។

ហេតុដូវនេះ ដើម្បីសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឱ្យមានរលកទី២ នៃការចម្លងវីរុសកូវីដ១៩។
