ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះក្រសួងសុខាភិបាលថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ២នាក់បន្ថែមទៀត ជាជនជាតិចិន មកពីហ្វីលីពិន និងជាជនជាតិអាមេរិក មកពីសហរដ្ឋអាមេរិក។ ចំពោះករណីវិជ្ជមានវីរុសកូវីដ ១៩ ថ្មី មានចំនួន ០២នាក់ (ជនជាតិចិន ០១នាក់ និងជនជាតិអាមេរិកកាំង០១នាក់)៖

-បុរជាជនជាតិចិនអាយុ២២ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តលើកទីពីរ ដោយទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
-ស្រ្តីជនជាតិអាមេរិកកាំងអាយុ២៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដែលការធ្វើតេស្តពេលមកពេលរបស់គាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ១៩ ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

ក្រសួងបានឱ្យដឹងថា ក្នុងជើងហោះហើរនេះ មានអ្នកដំណើរសរុប ២៥នាក់ (ស្រី ០៧នាក់ បុរស ០៩នាក់ និងកុមារ ០៩នាក់)។ ក្នុងនោះមានជនជាតិ ខ្មែរ ១៤នាក់ ជនជាតិអាម៉េរិកកាំង ០៥នាក់ ជនជាតិកូរ៉េខាងត្បូង ០១នាក់ ជនជាតិវៀតណាម ០១នាក់ ជនជាតិថៃ ០១នាក់ ជនជាតិទូកគឺ ០១នាក់ និងជនជាតិអង់គ្លេស ០២នាក់។ ចំណែកឯអ្នកដំណើរដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២១នាក់ ត្រូវបានដាក់ ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅសណ្ឋាគារ មួយក្នុងរាជធានីភ្នំពេញ និងមន្រ្តីស្ថានទូតអាមេរិក ចំនួន០៣ នាក់ ស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលគ្រប់គ្រង ដោយស្ថានទូតអាមេរិក ប្រចាំកម្ពុជា។



