សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១,៣៨២គ្រួសារ
ស៊ីហៀង
-

នៅថ្ងៃសៅរ៍ ទី​ ២៤​ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងគណៈប្រតិភូ​ រួមជាមួយសប្បុរសជនជាច្រេីនរូប​ បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១.៣៨២គ្រួសារ រស់នៅក្នុងភូមិចំនួន៤៦​ ក្នុងសង្កាត់ចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំព្រះរាជបន្ទូលរបស់​ ព្រះករុណា​ ព្រះមហាក្សត្រ​ និង​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យយកចិត្តទុកដាក់​ និងគិតគូរពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានសម្តែងនូវមនោសញ្ចេតនាអាណិតអាសូរ ចែករំលែកនូវការលំបាក ការសោកស្តាយយ៉ាងក្រៃលែង​ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារអ្នកស្លាប់​ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កឡេីងដោយការប្រែប្រួលអាកាសធាតុ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចផ្ទាល់ រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់​ និងមិនទុក​ប្រជាពលរដ្ឋណាម្នាក់ចោលឡេីយ។

ជាមួយគ្នានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចេញប្រតិបត្តិការព្រមៗគ្នាជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងបម្រេីប្រជាពលរដ្ឋដោយស្មោះ ហើយជាពិសេសសូមថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានដោយស្ម័គ្រចិត្តជាបន្តបន្ទាប់ ដើម្បីរួមចំណែកជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលនេះបានបង្ហាញពីកម្លាំងសាមគ្គីគ្នា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។ បន្ថែមពីនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ក៏បានថ្លែងអំណរគុណចំពោះបណ្តាញសារព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយពីសកម្មភាពមនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា​ និងសកម្មភាពរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជាបន្តបន្ទាប់។

ថ្លែងពីវេទិកានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តាំផ្ញេីនូវសារអំពាវនាវជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេសដូចខាងក្រោម ៖

១. សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កេីនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់លង់ទឹកស្លាប់នាពេលទឹកជំនន់​ដែលបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិត។

២. សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡេីង​ និងពេលទឹកស្រកទៅវិញ​ ដែលពួកវាអាចបង្កគ្រោះថ្នាក់​ដល់ជីវិត។

៣.​ សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺរាតត្បាតនានា។

៤.​ នៅពេលទឹកស្រក​ មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ​ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត​ និងមានអនាម័យ​​ ហេីយសូមបន្តប្រកបរបរចិញ្ចឹមជីវិត​ដេីម្បីស្តារសេដ្ឋកិច្ចគ្រួសារឡេីងវិញ។

៥.​ សូមប្រជាពលរដ្ឋ​ទាំងអស់​ នាំគ្នាធ្វេីអំពេីល្អ​ ជួយយកអាសារគ្នា​ ជួយគ្នាទៅវិញទៅមក​ ព្រោះថាអំពេីល្អមិនចេះសាបសូន្យទេ។

៦.​ សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩​ ត្រូវពាក់ម៉ាស់​ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។

សូមបញ្ជាក់ថា​ គ្រួសាររងគ្រោះនីមួយៗទទួលបាន​ ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ​ ១០កំប៉ុង​ ទឹកត្រី​ ៦ដប​ ទឹកសុទ្ធអរុណា​ ១កេស​ និងឃីត​ ១កញ្ចប់​ (មុង១​ ភួយ១​ សារុង១​ ក្រមា១​ អាវយឺត២)​ ។ បន្ថែមពីនេះ គ្រួសាររងគ្រោះទាំងអស់នៅបានទទួល​ នំប៉័ងបាក់យ៉ុង​ ១ដេីម​ និងទឹកសុទ្ធ​ ១ដប​ ដែលឧបត្ថម្ភដោយសាលា​រាជធានីភ្នំពេញ​។ សូមជម្រាបជូនថា​ នៅក្នុងខណ្ឌពោធិ៍សែនជ័យនេះ មានសង្កាត់ចំនួន៧​ ក្នុងនោះមានសង្កាត់ចំនួន៦​ ដែលទទួលរងគ្រោះដោយទឹកជំនន់​ ដែលមានផ្ទះចំនួន​ ៤.០៥២ខ្នង​ រងផលប៉ះពាល់​ និងមានប្រជាពលរដ្ឋរងគ្រោះសរុប​ ៣.១៨២គ្រួសារ​ (ស្មេីនឹង​ ១៨.៤២២នាក់)។

បន្ទាប់ពីបានជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវទេយ្យទានប្រគេនវត្តកំពែង រួមមាន ៖ អង្ករ ២០០គីឡូក្រាម មី ១០កេស ត្រីខ ៤០កំប៉ុង ត្រីងៀត ១០គីឡូក្រាម សាច់ក្រក ១០គីឡូក្រាម ស្ករស ១០គីឡូក្រាម ទឹកដោះគោខាប់ ២កេស អូវ៉ាន់ទីន ២កេស តែ ១០គីឡូក្រាម ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស និងបច្ច័យ ៥.០០០.០០០រៀល (ប្រាំលានរៀល)។ ប្រគេនព្រះចៅអធិការ សាដក១ បច្ច័យ ១លានរៀល។ ប្រគេនព្រះសង្ឃ ១៩អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ ២០ម៉ឺនរៀល។ ជូនតាអាចារ្យនិងគណៈកម្មការវត្ត ២១នាក់ និងយាយជី ២០នាក់ ក្នុងម្នាក់ៗថវិកា ៥០.០០០រៀល និងក្រណាត់ស១ដុំ រួមជាមួយថវិកា ១០.០០០រៀល។ ជូនកូនសិស្សបម្រេីព្រះសង្ឃ ៤នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល៕

ប្រភព៖ កាកបាទក្រហមកម្ពុជា