ក្រសួងអប់រំយុវជន និងកីឡា ប្រកាសឲ្យ បុគ្គលិកអប់រំ សិស្សានុសិស្ស និងនិស្សិត ដែលមានការជាប់ពាក់ព័ន្ធនឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រីទាំងអស់ ផ្អាកការសិក្សាសិន ដើម្បីធ្វើចត្តាឡីស័ក
ស៊ីហៀង
-

ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៏មាន​ ស្តីពី វិធានការសម្រាប់គ្រឹះស្ថានសិក្សា​ ដែលមានបុគ្គលិក ឬ សិស្សានុសិស្សមានការពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូ នៃប្រទេសហុងគ្រី នៅប្រទេសកម្ពុជា។

ក្រសួងអប់រំយុវជន និងកីឡា បានសេចក្តីប្រកាសថា ៖ ដោយសារតែមានការវិវត្តថ្មីៗ នេះពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់គ្រឹៈស្ថាន សិក្សា មាតាបិតា និងសិស្សានុសិស្ស អនុវត្តវិធានការមួយចំនួន ដូចខាងក្រោមនេះ៖

- គ្រឹៈស្ថានសិក្សាណា ដែលមានបុគ្គលិកបានចូលរួម និងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូ របស់ប្រទេសហុងគ្រី ត្រូវផ្អាកដំណើរការសិក្សាក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវបន្តការបង្រៀន និងរៀនតាមរយៈប្រព័ន្ធអនឡាញ។ បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់នោះ ត្រូវធ្វើចត្តាឡីស័ក ដោយខ្លួនឯង១៤ថ្ងៃ។

- សាស្រ្តចារ្យ បុគ្គលិកអប់រំ សិស្សានុសិស្ស និងនិស្សិត ដែលមានការជាប់ពាក់ព័ន្ធនឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី ត្រូវរាយការណ៍មកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទូរស័ព្ទលេខ ០១២ ៣៣៥ ៩៩៩ នៅត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០

- គណៈគ្រប់គ្រងគ្រឹៈស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និស្សិត មាតាបិតា និងអ្នកអាណាព្យាបាល នៅតាមគ្រឹៈស្ថានសិក្សាខាងលើ ត្រូវលើកម្ពស់ការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត និងបន្តតាមដានសុខភាពផ្ទាល់ខ្លួន។ ក្នុងករណីមានការសង្ស័យ ត្រូវទាក់ទងទៅកាន់ទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល

- គ្រឹៈស្ថានសិក្សាទាំងអស់ត្រូវពង្រឹងការលើកកម្ពស់វិធានការអនាម័យ និងគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ ១៩ ឲ្យបានខ្ជាប់ខ្ជួន។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម គណៈគ្រប់គ្រងគ្រឹៈស្ថានសិក្សា បុគ្គលិកអប់រំ សាធារណជន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងនិស្សិត ជ្រាបជាព័ត៏មាន និងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕