ក្រសួង​សុខាភិបាល ​ប្រកាស​​បិទសណ្ឋាគារ​ភ្នំពេញ រយៈពេល២ថ្ងៃ​ ដោយ​សារ​អ្នកជំងឺបានទៅហាត់ប្រាណ និងហែលទឹកនៅនោះ
ស៊ីហៀង
-

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឲ្យបិទសណ្ឋាគារភ្នំពេញរយៈពេល២ថ្ងៃសិន ដោយហេតុផលថា លោកឆែម សាវុធ អគ្គនាយកពន្ធនាគារ បានទៅហាត់ប្រាណ និងហែលទឹកនៅនោះ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។ ការបិទបណ្តោះអាសន្ននេះ ដើម្បីអនុញ្ញាតឲ្យក្រុមគ្រូពេទ្យធ្វើការស្វែងរកអ្នកជាប់ពាក់ព័ន្ធនៅទីនោះទាំងផ្ទាល់ និងប្រយោល។

ក្រសួងសុខាភិបាល បានសម្រេចកំណត់ចំនួននៃការធ្វើតេស្តរវីរុសកូវីដ១៩ ចំនួន៣លើក លើអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយក្រុមគ្រួសារ អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ។ការធ្វើតេស្តលើកទី១ គឺធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០, លើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំងដែលបានកំណត់ ទាំងក្នុងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល មិនបានធ្វើតេស្តនៅថ្ងៃកំណត់របស់ក្រសួង, នោះក្រសួងនឹងកំណត់ចត្តាឡីស័ក១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបានធ្វើតេស្ត។