ពិតណាស់ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថាមានការរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់មន្ត្រីផ្នែកសណ្តាប់ធ្នាប់នៅផ្សារកំពង់ស្ពឺ ដែលបានទាត់ឥវ៉ាន់របស់ក្មេងស្រីម្នាក់ចោលដោយគ្មានក្តីសណ្តោះប្រណីនិងមេត្តាសូម្បីតែបន្តិចថ្វីត្បិតតែគាត់ខុស ប៉ុន្តែនេះជាការលក់ដូរបន្តិចបន្តួចដើម្បីយកលុយចិញ្ចឹមក្រពះ ចុះហេតុអីបានជាមន្ត្រីសណ្តាប់ធ្នាប់ម្នាក់នោះចិត្តដាច់ម្លេះ គួរណាតែជួយលើក និងនិយាយពន្យល់គាត់តាមសម្រួលបើគាត់ពិតជាខុសពិតមែន មិនមែនប្រើដៃប្រើជើងបែបនេះទេ សកម្មភាពបែបនេះមិនគួរកើតមានសោះឡើយ ។

យ៉ាងណាមិញពាក់ព័ន្ធជាមួយនិងរឿងនេះត្រូវបានម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Heng sokha បានធ្វើការបង្ហោះជាសាធារណៈយ៉ាងដូច្នេះថា «សូមបងប្អូនជួយស៊ែរអ្នកសណ្តាប់ធ្នាប់ផ្សារកំពង់ស្ពឺ ទាត់អីវ៉ាន់ក្មេងលក់បន្តិចបន្តួចចោលអស់គួអាណិតណាស់អោយថ្នាក់លើបានឃើញផង»។

ជាមួយគ្នានេះដែរក្រោយពេលឃើញមានការស៊ែរចែករំលែកជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកហើយមានមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃផងដែរនោះ ស្រាប់តែភ្លាមនោះឃើញថាលោកអភិបាលខេត្តកំពង់ស្ពឺគឺលោកឯកឧត្តម វ៉ី សំណាង ដែលប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Vei Samnang ចូលទៅឆ្លើយតបនៅក្នុងការបង្ហោះរបស់គណនីហ្វេសប៊ុកខាងលើបែបនេះថា« ខ្ញុំទទួលបានហើយ! សូមថ្លែងនូវអំណរគុណចំពោះការផ្ដល់ព័ត៌មានពិតប្រាកដមកដល់ខ្ញុំបានទាន់ពេលវេលា។ ខ្ញុំ នឹងចាត់ការមន្ត្រីនោះដោយមិនលើកលែង។ សូមអរគុណ! » ៕






