ថៃ៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកមួយមានឈ្មោះថា Comrade Phodam បានបង្ហោះនូវរូបថតពីរសន្លឹក អំពីក្មេងប្រុសតូចៗពីរនាក់បងប្អូន កំពុងតែរៀបចំឥវ៉ាន់ ដោយបងប្រុសបានដឹកដៃប្អូនប្រុស រង់ចាំឡានពេទ្យមកទទួលពួកគេ ទៅមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមិនមានភាពភ័យខ្លាចអ្វីនោះឡើយ ។
ក្មេងៗទាំងពីរពិតជាគួរឲ្យអាណិតខ្លាំងណាស់ ដែលត្រូវមកឆ្លងនូវជំងឺកូវីដ១៩ទាំងវ័យក្មេងបែបនេះ ដោយពួកគេទាំងពីរបានរៀបចំកាបូបសម្លៀកបំពាក់ទៅមន្ទីរពេទ្យដោយខ្លួនឯង គ្មានឪពុកម្ដាយរៀបចំនិងនៅមើលថែនោះឡើយ ពីព្រោះតែម្ដាយឪពុករបស់គេបានឆ្លងជំងឺកូវីដ១៩មុនពួកគេទាំងពីរនាក់នេះទៅទៀត។ ក្រោយពីទៅដល់មន្ទីរពេទ្យពួកគេមានភាពរឹងមាំខ្លាំងណាស់ ដោយបងប្រុសបាននូវមើលថែប្អូនប្រុសនិងមិនភិតភ័យអ្វីនោះឡើយ។
ក្នុងគណនីហ្វេសប៊ុកដដែលបានបន្ដថាគ្រួសាររបស់ក្មេងៗទាំងពីរនេះត្រូវបានឆ្លងជំងឺកូវីដ១៩ ក្នុងកំលុងពេលដែលឪពុកម្ដាយរបស់ពួកគេកំពុងតែធ្វើការព្យាបាលជំងឺកូវីដនៅក្នុងមន្ទីរពេទ្យ ក្មេងៗតូចទាំងពីរត្រូវបានព្រឹទ្ធាចារ្យចាស់ៗនៅមើលថែពួកគេទាំងពីរ។
ក្រោយពីឃើញនូវរូបភាពកុមារតូចៗទាំងពីរនេះឆ្លងនូវជំងឺកូវីដ មនុស្សម្នាមានការអាណិតអាសូរជាខ្លាំង ដោយឲ្យពួកគេមានភាពរឹងប៉ឹង កុំមានភាពភ័យតក់ស្លុតអ្វីឡើយ និងបានជូនពរក្មេងៗតូចទាំងពីរនាក់បងប្អូនឲ្យឆាប់ជាសះស្បើយពីជំងឺមួយនេះ៕
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ Kapook