រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីការក្រើនរំលឹកក្នុងការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹកដល់រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងរាជធានីភ្នំពេញ ដូចខាងក្រោម៖
ដើម្បីចៀសវាងនូវសោកនាដកម្មនៃការឆ្លងរាលដាលធ្ងន់ធ្ងរទៅក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយធំ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹកដល់រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងរាជធានីភ្នំពេញ ដូចខាងក្រោម ៖
១- ត្រូវធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ដោយចុះណែនាំទីតាំងដែលមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ ដូចជានៅតាមទីផ្សារនានាត្រូវក្រើនរំលឹកប្រធានផ្សារ គណៈកម្មការផ្សារ ឱ្យធ្វើការផ្សព្វផ្សាយតាមមេក្រូ ដើម្បីដាស់តឿនអាជីវករ អតិថិជន ចេញ-ចូលផ្សារ ឱ្យពាក់ម៉ាស បាញ់អាកុលឬដែលលាងដៃ វាស់កម្ដៅ រក្សាគម្លាតសុវត្ថិភាព ពិនិត្យបណ្ណចាក់វ៉ាក់សាំង ជាពិសេសត្រូវរំលឹកពីវិធានការ ``ពាការពារ ៣កុំ`` របស់សម្តេចតេជោនាយករដ្ឋមន្ត្រី
២- ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗដែលមានមនុស្សច្រើន ត្រូវណែនាំឱ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឱ្យលើសពី០៧នាក់ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាបាញ់អាកុលឬ ជែលលាងដៃ វាស់កំដៅ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោះម៉ាសចេញក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញនៅពេលងើបចេញពីតុ។ ទន្ទឹមនេះ៖ ត្រូវពិនិត្យបណ្ណចាក់វ៉ាក់សាំង បើបុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬហួសរយៈពេល៤ខែហើយ មិនបានទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវបុគ្គលនោះមិនអនុញ្ញាតឱ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីឡើយ
៣- ត្រូវធ្វើការក្រើនរំលឹកដល់មន្ត្រី បុគ្គលិក សិស្ស និស្សិត និងកៀរគរប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពរឹងមាំក្នុងសហគមន៍ និងចៀសវាងនូវមហន្តរាយសុខភាពសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម៤- ត្រូវធ្វើការត្រួតពិនិត្យ និងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនហើយត្រូវចេះ៖ ផ្លាស់ប្ដូរទម្លាប់រស់នៅ ឱ្យស្របតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ និងកាត់ផ្តាច់នូវខ្សែចម្លងវីរុសកូវីដ-១៩ ជាពិសេស ពពួកមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង និងប្រភេទផ្សេងៗទៀត៕