(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា បញ្ហាជម្លោះព្រំដែន បើមិនប្តឹងទៅភាគីអន្តរជាតិទេ ប្រើពេលរាប់សិបរាប់រយឆ្នាំទៀត ក៏ដោះស្រាយមិនចប់ដែរ ហើយបើទោះបីជា កម្ពុជាជ្រើសយកការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក៏ដោយក៏កម្ពុជាមិនបោះបង់ចោលយន្តការចរចានោះឡើយ។ កម្ពុជានឹងគោរពរាល់ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសសមាជរដ្ឋសភា-ព្រឹទ្ធសភា ដែលធ្វើឡើង នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបបួលថៃទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាការទុកមុខទុកមាត់ឱ្យគ្នា។ សម្តេចបានប្រកាសរង់ចាំមើលថា តើភាគីថៃមានលេសអ្វីមិនឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ? បើរកលេសមិនឡើងទៅតុលាការយុត្តិធម៌អន្តរជាតិទេនោះ មានន័យថា ថៃមានកិច្ចកលនៅពីក្រោយបញ្ហានេះ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «យើងបបួលបែបនេះ វាជាការគួរសមរបស់យើង ហើយវាមិនមែនតែបញ្ហាកម្ពុជាទេ បើតាមយើងដឹងមានប្រទេសជាច្រើនបបួលគ្នាបែបនេះ ដូចករណីសិង្ហបុរី និងម៉ាឡេស៊ី គេក៏បបួលគ្នាទៅដែរ»។
តាមរយៈបណ្តាញសង្គមនាយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីគម្រោងបបួលថៃ នាំយកបញ្ហានៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់ធំ តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ការប្រកាសអំពីគម្រោងដោះស្រាយតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិនេះ បានធ្វើឡើងបន្ទាប់ពី កងទ័ពថៃ បានចូលមកបាញ់សម្លាប់ ទាហានកម្ពុជាម្នាក់ ដែលឈរជើងការពារព្រំដែន នៅចំណុចព្រំដែនតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បង្កឱ្យមានការប្រឈមមុខគ្នាជាថ្មីរវាងកងទ័ពកម្ពុជា-ថៃ។
ឆ្លើយនឹងសំណួរថា បើសិនជាបបួលថៃហើយគេមិនទៅ តើកម្ពុជាធ្វើយ៉ាងម៉េច? សម្តេចមានប្រសាសន៍ថា ទោះបីជាគេមិនទៅ ក៏កម្ពុជានៅតែប្តឹងទៅ ICJ ដដែល។ សម្តេចបានបញ្ជាក់ជូនពលរដ្ឋកម្ពុជា និងពលរដ្ឋថៃ ឱ្យបានដឹងថា បើសិនជាយើងមិនពឹងពាក់តុលាការយុត្តិធម៌អន្តរជាតិ ឱ្យដោះស្រាយនោះទេ ជម្លោះបែបនេះនឹងបន្តរាប់រយឆ្នាំទៀត ដោះមិនចប់នោះទេ។ មូលហេតុដែលមិនចប់នេះ ដោយសារតែរដ្ឋាភិបាលនៃប្រទេសនីមួយៗ មិនអាចដកថយចេញពីចំណុចដែលខ្លួនប្រកាន់ឥរិយាបថបានទេ។ ប្រសិនបើដកថយចេញពីចំណុចនេះ ប្រជាជនរបស់ខ្លួន នឹងស្តីបន្ទោស។

សម្តេចលើកឡើងថា ការចរចារវាងប្រទេសទាំងពីរ បានធ្វើឡើងអស់រយៈពេលជាង ២៥ឆ្នាំហើយ ដោយក្នុងនោះ សម្តេចក៏បានប្រើពេលជាង២៣ឆ្នាំ តាំងពី MOU ឆ្នាំ២០០០ រហូតដល់ឆ្នាំ២០២៣ ក្នុងពេលដែលសម្តេចធ្វើជានាយករដ្ឋមន្រ្តី។ រហូតដល់រដ្ឋាភិបាល អាណត្តិថ្មី ក៏ចរចា បានបន្ត២ឆ្នាំទៀត គឺនៅតែដោះស្រាយមិនបាន សូមបីតែប្រជុំ JBC ក៏ប្រជុំមិនបានផង។
សម្តេចបានបង្ហាញអំពីការឈឺចាប់ ដែលបាត់បង់យុទ្ធជនខ្មែរម្នាក់ ត្រូវបានទាហានថៃ ចូលមកបាញ់សម្លាប់លើទឹកដីកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា។ សម្តេចរំលឹកថា សម្តេច និងសម្តេចទៀ បាញ់ បានដឹងច្បាស់អំពីរឿងនេះ ដែលចំណុចនេះ កម្ពុជាបានកាន់កាប់តាំងពីឆ្នាំ១៩៨៨ ពេលនោះតំបន់នោះ គឺជាតំបន់ដែលខ្មែរក្រហមឈរជើង ដាក់អាវុធច្រើនណាស់នៅតំបន់នេះ។

សម្តេចបានបញ្ជាក់បន្ថែមថា «រឿងអ្វីដែលមកដល់ពេលនេះ មកទាមទារឱ្យយើងដកកងទ័ពចេញ ការចរចាការពិតបានឯកភាពគ្នាអស់ហើយ ស្រាប់តែមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ធ្វើលិខិតទៅមេបញ្ជាការកងទ័ពជើងគោកថៃ ហើយមេទ័ពជើងគោកថៃ ក៏បានបញ្ជូនមកមេទ័ពជើងគោលកម្ពុជា ដោយស្នើឱ្យដកកងទ័ព២០០ម៉ែត្រ»។

សម្តេចបានបញ្ជាក់បន្តទៀតថា ចំពោះបញ្ហានេះ លោក អាភីស៊ីត វេចាជីវ៉ា អតីតនាយករដ្ឋមន្រ្តីថៃ ធ្លាប់បានស្នើម្តងហើយចំពោះមុខសម្តេចនៅមុខប្រធានាធិបតីឥណ្ឌូណេស៊ី ដែលធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំ២០១១ ដោយស្នើឱ្យសម្តេចដកកងទ័ពចេញពីប្រាសាទព្រះវិហារ ដែលពេលនោះសម្តេចបានតបទៅវិញថា «ឯកឧត្តម ខ្ញុំមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្ញុំបានទេ ផ្ទុយទៅវិញឯកឧត្តមទេ ដែលត្រូវតែដកកងទ័ពរបស់ឯកឧត្តមចេញពីប្រាសាទព្រះវិហារ»។
សម្តេចបានបន្តថានេះមិនមែនជាការបំផុសឱ្យមានកំហឹងនោះទេ តែជារឿងអធិបតេយ្យជាតិ៕ ប្រភព៖ Fresh News