ស្ត្រីម្នាក់ចុះពីលើផ្ទះឈរស្រែកជេរ នារី៣នាក់ដែលអង្គុយផឹកស៊ីតាមចិញ្ចើមផ្លូវ ក៏មានការភ្ញាក់ផ្អើលចំណុចផ្សារសាមគ្គី
Sokli
-

ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ការផឹកស៊ីតាមផ្លូវបង្កសម្លេងរំខានជាច្រើនលើកច្រើនសាររហូតធ្វើអោយអ្នកស្នាក់នៅជិតខាងទ្រាំលែងបានចេញទៅស្រែកជេរកើតជារឿងឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ ក កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣ ត្រង់ចំណុចផ្សារសាមគ្គី តាមបណ្ដោយផ្លូវ១២២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមាននារីចំនួន៣នាក់ នាំគ្នាអង្គុយផឹកស៊ីជុំគ្នានៅតាមចិញ្ចើមផ្លូវ ហើយនិយាយគ្នាលេងសើចសប្បាយជាធម្មតា ដោយមិនមានការចាក់ធុងបាស់នោះទេ។ មួយសន្ទុះក្រោយមក ក៏ស្រាប់តែមានស្ត្រីម្នាក់ស្នាក់នៅផ្ទះជាន់ទី២ ក្បែរកន្លែងដែលកំពុងផឹកស៊ីនោះ បានចុះពីលើផ្ទះទៅឈរស្រែកជេរនារីទាំង៣នាក់ ធ្វើឲ្យនារីៗអង្គុយផឹកស៊ីខឹងក៏ជេរតបទៅវិញ ហើយក៏កើតជាជម្លោះឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដងទៅ។


តាមសម្តីភាគីដែលជាអ្នកអង្គុយផឹកស៊ី បានលើកឡើងថា ផ្ទះរបស់ពួកគាត់ គឺនៅខាងក្នុងឌឿងហែម ហើយមុនពេលកើតមានរឿង គឺពួកគេបានផឹកស៊ីជួបជុំគ្នានៅត្រង់ចំណុចកើតហេតុ ប៉ុន្តែពួកគាត់មិនបានមាត់លឺអីប៉ុន្មាននោះទេ និងមិនមានចាក់ធុងបាស់ទេ។ មួយសន្ទុះក្រោយមក ក៏ស្រាប់តែមានស្ត្រីម្នាក់នោះ មានផ្ទះនៅជាន់ទី២ ឆ្ងាយពីកន្លែងកើតហេតុដែលពួកគាត់កំពុងផឹកស៊ី ហើយក៏មកឈរស្រែកជេរពួកគាត់ ធ្វើឲ្យពួកគាត់ខឹងក៏ជេរតបវិញតែម្តងទៅ។

ចំណែកឯភាគីជាអ្នកស្នាក់នៅជិតខាងវិញ ក៏បានឱ្យដឹងដែរថា ការផឹកស៊ីរបស់ក្រុមអ្នកផឹកទាំងនោះ គឺផឹកស្ទើរតែជារៀងរាល់យប់ ពេលខ្លះផឹកដល់ម៉ោង៣ក៏មានដែរ។ រាល់ពេលដែលពួកគាត់ផឹកស៊ី គឺតែងតែស្រែកច្រៀង មាត់លឺៗ បង្កជាសម្លេងរំខានខ្លាំងដល់រូបគាត់យ៉ាងខ្លាំង។ ហើយកន្លងមក គាត់ក៏ធ្លាប់ទៅប្រាប់ផ្ទាល់មាត់ផង និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន រហូតមានសមត្ថកិច្ចចុះមកប្រាប់ដែរ ប៉ុន្តែហាក់ដូចជាក្រុមអ្នកដែលផឹកស៊ីទាំងនោះ នៅតែបន្តសកម្មភាពជាដដែលៗ ធ្វើឲ្យគាត់ទ្រាំលែងបាន ក៏ចេញមកជេរតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះធ្វើការអន្តរាគមន៍ និងបានបំបែកភាគីទាំងពីរឲ្យចូលសំរាកតាមផ្ទះរៀងៗខ្លួន ហើយរង់ចាំព្រឹកស្អែកទៅធ្វើការដោះស្រាយគ្នានៅសាលាសង្កាត់ជាបន្តទៀត៕