អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់បន្ថែម ៖ ការសិក្សាធ្វើប័ណ្ណម៉ូតូកម្លាំងចាប់ពី៦០CCឡើងនោះ គ្រាន់តែសិក្សាសម្រាប់ពេលអនាគត
Sokli
-

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា«ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ដែលមានកម្លាំងចាប់ពី 60CC» ឡើងទៅនោះ គ្រាន់តែជាការសិក្សាសម្រាប់អាចអនុវត្តនាពេលអនាគតប៉ុណ្ណោះ ។

ការចេញមកបញ្ជាក់បន្ថែមនេះ បន្ទាប់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកឡើងបែបនេះក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិ នាយឧត្ដមសេនីយ៍ ជូនអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ គឺដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និងអនាគត ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ សីហា បានឲ្យដឹងថា អនុសាសន៍របស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាស្មារតីអនុសាសន៍

ទី១ លោកចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញនូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផលដែលទទួលបានពីការអនុវត្តនោះ។

ទី២ ការសិក្សានេះ គឺសម្រាប់អនុវត្តនាពេលអនាគត ពោល គឺប្រសិនការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត (ម៉ូតូ) មានអត្រាច្រើនគួរកត់សម្គាល់នោះ ក្រសួងមហាផ្ទៃនឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនដែលមានសមត្ថកិច្ចសម្រេច និងធ្វើប័ណ្ណបើកបរ។

ទី៣ ជារួម ពុំមែនជាលក្ខខណ្ឌដាច់ខាតឱ្យតែម៉ូតូមានកម្លាំងចាប់ពី «60CC» ឡើង គឺសុទ្ធតែតម្រូវឱ្យមានប័ណ្ណបើកបរនោះទេ ពោលគឺត្រូវពិនិត្យទៅតាមប្រភេទនៃយាននោះផងដែរ ដូចជា ប្រភេទ ក ខ…ជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗបែបណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្ដែង ។

ប្រភពដដែលបន្តថា ហេតុផលនៃអនុសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងយ៉ាងច្បាស់ៗ ប្រកបដោយការព្រួយបារម្ភថា មិនទាន់ដាច់ឆ្នាំ២០២៣ផងចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង១១០០នាក់ទៅហើយ បើធៀបនឹងចំនួនប្រជាពលរដ្ឋទាំងមូលប្រមាណ១៧លាននាក់ ។ ដូច្នេះ ទម្រាំដាច់ឆ្នាំ២០២៣អាចនឹងកើនឡើងច្រើនជាងនេះក៏ថាបាន បើពុំមានវិធានការគត់មត់ ។

ទោះជាចំនួនបានថយចុះមែន ប៉ុន្តែក្នុងល្បឿនមួយដែលមិនទាន់សម្រេចបានតាមគោលដៅរបស់ក្រសួងនៅឡើយ ។ ចំណែក ឯអ្នកមួយចំនួនប្រើប្រាស់ម៉ូតូកើនឡើងជាប្រចាំ ជាក់ស្ដែងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងមួយថ្ងៃៗក្រសួងធ្វើផ្លាកលេខម៉ូតូជូនម្ចាស់កម្មសិទ្ធិជាង១០០០គ្រឿងគិតជាលេខមូល បើប្រៀបធៀបនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅឯប្រទេសបារាំង គឺមានអ្នកស្លា.ប់តែជាង៨០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំៗ លើប្រជាជនប្រមាណ៦៨លាននាក់ ។

អ្នកនាំពាក្យបានលើកឡើងថា ជាផែនការ ឯកឧត្តមអភិសន្តិបណ្ឌិត មានទស្សនវិស័យ «កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅចំនួនមួយទាបបំផុតនាថ្ងៃអនាគត» ។ ក្នុងទិសដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បាន ជំរុញដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្តាស្នងការដ្ឋាននគរបាលរាជធានីខេត្ត សហការជាមួយតួអង្គពាក់ព័ន្ធនានាបង្កើតយន្តការបណ្តុះបណ្តាលផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយអំពីច្បាប់ចរាចរណ៍ បច្ចេកទេសបើកបរ និងក្រមសីលធម៌បើកបរជាដើមដល់អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់ប្រភេទ ក្នុងចេតនាបង្ការទប់ស្កាត់កាត់បន្ថយអត្រាស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផង និងពង្រឹងសណ្ដាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវផង ។

ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ម្ដងហើយម្ដងទៀតថា អនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត គឺជា«ផែនការសម្រាប់អនាគត ដោយចាប់ផ្តើម គិតគូរពីថ្ងៃនេះទៅ និងជាក្តីបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងការខូចខាតទ្រព្យសម្បត្តិ របួសស្នាមរាងកាយ និងបាត់បង់អាយុជីវិតរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះតែប៉ុណ្ណោះ ។ ពោលគឺពុំទាន់មានការកំណត់ កាលវេលាជាក់លាក់ក្នុងការអនុវត្តឡើយ ៕