នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មីញជីញ (Pham Minh Chính ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមទាំង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានជួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគីជាមួយគ្នា ខណៈដែលការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាការបន្តប្រពៃណី ដែលថ្នាក់ដឹកនាំ នៃប្រទេសទាំងបី តែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗ នៅក្នុងតំបន់ ។
នៅក្នុងជំនួប ដ៏មានសារសំខាន់នេះ ថ្នាក់ដឹកនាំ នៃប្រទេសទាំងបី បានពិភាក្សា និងបានឯកភាពជាគោការណ៍មួយចំនួន រួមមាន ៖
ទី១. បន្តរក្សាប្រពៃណី នៃការជួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគី នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗ ក្នុងតំបន់ ដែលតែងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងបី ។
ទី២. បន្តដោះស្រាយជាមួយគ្នា និងជំរុញសម្រេចឱ្យបាននូវលទ្ធផល ចំពោះបញ្ហា ដែលនៅសេសសល់ទាំងឡាយ ។
ទី៣. បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេល ឆាប់ៗខាងមុខ ។
ទី៤. បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, សន្តិសុខ, ការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន, វប្បធម៌ និង ប្រពៃណី ។
ទី៥. ជំរុញបន្ថែមនូវទំនាក់ទំនង និង ការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ, ខ្សែច្រវាក់ផ្គត់ផ្គង់, និងទេសចរណ៍ ។
នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានផ្ដាំផ្ញើការសួរសុខទុក្ខ និងក្តីនឹករលឹកជូនចំពោះ សម្ដេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានបង្ហាញបំណងចង់ជួបសំណេះសំណាលដោយផ្ទាល់ ជាមួយសម្តេចតេជោ នៅក្នុងពេលណាមួយខាងមុខ ។
ចំណែក ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញសម្តេចមហាបវរធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសឡាវ នាឆ្នាំ២០២៤ ខាងមុខផងដែរ ៕