ចាប់បានហើយ ជនបរទេសម្នាក់ដែលបន្លំលួចលុយតាមវីង និងកន្លែងប្តូរប្រាក់នៅភ្នំពេញ
Sokli
-

ភ្នំពេញ ៖ បុរសជនជាតិអឺរ៉ង់ម្នាក់ ដែលជំនាញខាងបន្លំលួចលុយនៅតាមវីង និងកន្លែងដូរ និងផ្ញើរលុយ នៅក្នុងរាជធានីភ្នំពេញត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួននៅម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ រួចហើយប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

សូមរលឹកថា ជនសង្ស័យរូបនេះ ធ្លាប់បានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចកន្លែងវ៉ីងវេរលុយ ស្ថិតនៅលេខ៣BC ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើមានឈ្មោះ PAHANGEH MORTEZA ភេទប្រុស ជនជាតិអឺរ៉ង់ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្ន GOLDEN RESIDENCE ម្ដុំផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

វត្ថុតាងចាប់យក ៖

កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១ ក្នុងកាបូបមានប័ណ្ណបើកបររថយន្ត មួយច្បាប់, ទូរសព្ទដៃម៉ាក VIVO ពណ៌ខ្មៅ, លុយខ្មែរ ចំនួន១០,០០០,០០០៛ (ដប់លានរៀល) , លុយដុល្លារ ចំនួន៣៥៤០$ (បីពាន់ប្រាំរយសែសិបដុល្លារសហរដ្ឋអាមេរិច), លុយឥណ្ឌូនេស៊ី ចំនួន៣៥៥រូពៀ និងលុយសាំងហ្គាពួរ ២ដុល្លារ ជារបស់ជនសង្ស័យ ។

បើតាមប្រភពព័ត៌មានបានអោយដឹងថា កាលពីវេលាថ្ងៃត្រង់ទី១០ ខែកញ្ញា ម្សិលមិញនេះ ជនសង្ស័យជាជនជាតិអឺរ៉ង់រូបនេះ បានយកប្រាក់ដុល្លារក្រដាស១០០ដុល្លារ មួយចំនួនធ្វើជាទៅដូរយកប្រាក់ដុល្លារ យកប្រាក់ដុល្លារក្រដាស់១០០ ដែលមានលេខខាងចុងអក្សរ «S» ហើយបានបន្លំលួចលុយពីកន្លែងវីង មួយកន្លែង នៅផ្សារ៧មករា យកលុយបាន៥០០ដុល្លារ ។

ប្រភពព័ត៌មានបានបន្តថា លុះនៅវេលាថ្ងៃត្រង់ទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ជនរូបនោះក៏បានជិះម៉ូតូកង់៣ រួមជាមួយស្ត្រីម្នាក់ បានធ្វើសកម្មភាពធ្វើជាទៅដូរលុយនៅកន្លែងវីងមួយកន្លែងទៀត នៅផ្សារ៧មករា តាមផ្លូវលេខ៦១៤ ហើយត្រូវបានម្ចាស់សង្ស័យក៏ទាក់ទងទៅជនរងគ្រោះដែលជននោះបន្លំលួចលុយកាលពីម្សិលមិញមកមើល ទើបស្គាល់មុខ ក៏នាំគ្នាឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការប្រគល់លុយចំនួន៥០០$ ជូនជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

សូមជម្រាបថា ជនបរទេសរូបនោះ បានធ្វើសកម្មភាពបន្លំលួចលុយ គឺនៅពេលដែលជនសង្ស័យទៅដូរលុយគឺធ្វើជាសុំយកលុយពីជនរងគ្រោះមកមើល ហើយបន្លំលួយលុយនោះម្តង១សន្លឹកៗ ។ ជនបរទេសរូបនោះ ដោយសារតែប្រើរូបភាពដដែលៗធ្វើជាដូរលុយ ហើយបន្លំលួចលុយនៅកន្លែងផ្ញើប្រាក់ និងដូរលុយជាច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ រួមមានខណ្ឌមានជ័យ ខណ្ឌដង្កោជាដើម ។ ទន្ទឹមនោះ រូបភាពដែលជននោះបន្លំលួចលុយ ត្រូវបានជនរងគ្រោះបង្ហោះនៅក្នុងបណ្តាញសង្គមជាបន្តបន្ទាប់ ទីបំផុតជននោះគេចមិនផុតពីសំណាញ់ច្បាប់ឡើយ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕