លោក អុល សំអាង ជំរុញមហាជនជួយផ្សព្វផ្សាយអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ
Sokli
-

កាលពីពេលថ្មីៗនេះ តួឯកល្ខោនបាសាក់ លោក អុល សំអាង បានធ្វើការបំផុសឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន មហាជនខ្មែរក្នុងការរួមគ្នាជួយផ្សព្វផ្សាយ និងអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់។

បើគិតមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេលប្រមាណ ២០ឆ្នាំហើយដែលប្រធានក្រុមល្ខោនបាសាក់ លោក អុល សំអាង បានចាប់យកអាជីពមួយនេះ។ដោយក្តីស្រឡាញ់ និងការបារម្ភពីសិល្ប: ដូនតាក៏បានជំរុញឲ្យលោក អុល សំអាង បន្តថែរក្សាមិនល្ខោនបាសាក់នេះមិនឲ្យបាត់បង់ឡើយ ទោះបីជាល្ខោនបាសាក់ហាក់មិនសូវពេញនិយមសម្រាប់ស្រទាប់យុវវ័យបច្ចុប្បន្ន។

តាមរយះគណនីហ៊េ្វបុក លោក អុល សំអាង បានសរសេរថា៖ “ការរួមគ្នាជួយផ្សព្វផ្សាយ អភិរក្ស មរតក ទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរឲ្យជ្រួតជ្រាបដល់ស្រទាប់មហាជន ជ្រួតជ្រាបពីគុណ តម្លៃ វប្បធម៌ជាតិ យើងគួរតែផុសចេញទឹកចិត្ត មានចិត្តស្មារតី មនសិកា នៃពលរដ្ឋយើងម្នាក់ៗ ដើម្បីការពារថែរក្សា បណ្ដុះបណ្ដាល គាំពារ ទ្រទ្រង់ ពីមូលធនជនឥស្សរជននៃជាតិយើង”។

កន្លងមកគេតែងកត់សម្គាល់ដែរថា លោកអុល សំអាង ប្រធានក្រុមសិល្បៈមហាជនវង់ទី១ រាជធានីភ្នំពេញតែងបានសម្ដែងការព្រួយបារម្ភខ្លាំងចំពោះសិល្បៈបុរាណល្ខោនបាសាក់ដោយសារតែសន្ទុះទីផ្សារការគាំទ្រត្រូវបានគេមើលរំលងបន្ទាប់ពីសិល្បៈសម័យបានយកអស់ការគាំទ្រ។