រោងចក្រដំឡើងរថយន្ត Toyota នៅកម្ពុជា គ្រោងនឹងសម្ពោធ នាឆ្នាំក្រោយ
Sokli
-

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់អំពីផែនការ សម្ពោធរោងចក្រ ដំឡើងរថយន្ត Toyota នៅកម្ពុជា នាឆ្នាំ២០២៤។ ការលើកឡើងដូច្នេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន ៧មករា និងលោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ សម្តេចតេជោ បានកោតសរសើរចំពោះមិត្តភាពរវាងកម្ពុជា និងជប៉ុន ដែលបានកើតមានគ្រប់ជំនាន់ នៃនាយករដ្ឋមន្ត្រីជប៉ុន ជាពិសេសចាប់តាំងពីជំនាន់ លោកអតីតនាយករដ្ឋមន្ត្រី តាកស៊ីតា ណូបូរូ (Takeshia Noboru) រហូតដល់លោកអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ (Shinzo Abe) និងលោកនាយករដ្ឋមន្ត្រី ហ្វូមីយូ គីស៊ីដា (Fumio Kishida) ដែលបានជួបសន្ទនាការងារ ជាមួយគ្នាជាញឹកញាប់។

ទន្ទឹមនឹងនេះ ឯកអគ្គរាជទូត បាននាំនូវសារអបអរសាទរដោយផ្ទាល់ពីលោក ហ្វូមីយូ គីស៊ីដា ជូន សម្តេចតេជោ ចំពោះសមិទ្ធផល ដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ។ ក្នុងនោះ លោក ហ្វូមីយូ គីស៊ីដា ក៏បានប្ដេជ្ញាចិត្តនឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឯកអគ្គរាជទូត បន្តថា ក្នុងចំណងមិត្តភាពកម្ពុជា-ជប៉ុន រយៈពេល ៧០ឆ្នាំ ប្រទេសទាំងពីរ បានទទួលនូវផលប្រយោជន៍ទៅវិញ ទៅមកយ៉ាងច្រើន ជាពិសេសកម្ពុជា ទទួលបាន ការស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការលើកកម្ពស់ប្រព័ន្ធ ទូរគមនាគមន៍ពី 4G ទៅ 5G និងការពង្រីកសមត្ថភាពកំពង់ផែសមុទ្រខេត្តព្រះសីហនុ ជាដើម៕