សមត្ថកិច្ចឃាត់ខ្លួន ឃាតករដែលបាញ់សម្លាប់ជាងកាត់សក់ម្នាក់ ក្នុងខណ្ឌទួលគោក កាលពី ៣ ឆ្នាំមុន បានហើយ
Sokli
-

ភ្នំពេញ៖ នៅទីបំផុត ជនសង្ស័យម្នាក់ ដែលជាខ្មាន់កាំភ្លើង បាញ់សម្លាប់ ជាងកាត់សក់ម្នាក់ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ពេលនេះ ត្រូវសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបាន ហើយ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ។

គួររលឹកថា ជនរងគ្រោះ មានឈ្មោះ សុខ សុកេន អាយុជាង ៣០ ឆ្នាំ មានមុខរបរ ជាងកាត់សក់ ។ ដោយឡែក ជនសង្ស័យ ត្រូវបានគេស្គាល់ថា ជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។

កាលពីថ្ងៃកើតហេតុខាងលើ តាមការបញ្ជាក់របស់ ស្ត្រីជាប្រពន្ធរបស់ ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ស្វាមីរបស់ខ្លួន បានអង្គុយផឹកស៊ី ជាមួយមិត្តភក្តិនៅមុខផ្ទះ ។ រហូតដល់ម៉ោងជាង ១០ យប់ ក៏រៀបចំនឹងចូលផ្ទះ ស្រាប់តែឮ សំឡេងប្រតាយប្រតប់ ឈ្លោះគ្នាជាមួយនឹងបុរសម្នាក់ ដែលស្គាល់ថា ជាអ្នកជិតខាង ។

ស្ត្រីភរិយាជនរងគ្រោះ បានបន្តថា ក្រោយមានការប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយមក ជនដៃដល់ បានដកកាំភ្លើងពីចង្កេះ បាញ់លើស្វាមីរបស់ខ្លួន បណ្ដាលឲ្យស្លាប់ នៅក្នុងថ្លុក ឈាមតែម្តង ។ បន្ទាប់ពីបាញ់ប្រហារហើយ ជនដៃដល់ បានរត់គេចខ្លួន បាត់ស្រមោល តែម្ដង។