ស្រក់ទឹកតក់ៗពីលើផ្ទាំងប៉ាណូ ងើយទៅឃើញមានសាកសពបុរសម្នាក់ បង្កការភ្ញាក់ផ្អើល
Sokli
-

ភ្នំពេញ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង ៤៖៣០នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទាំងប៉ាណូ ១កន្លែង មានចម្ងាយជាង២០០ម៉ែត្រ ពីស្ពានលេខ៤ ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បន្ទាប់ប្រទះឃើញ សាកសពបុរសម្នាក់ធ្វើអត្តឃាតលើស្លាក់ប៉ាណូ ជាច្រើនថ្ងៃមកហើយ រហូតដល់មានក្លិនស្អុយ ។

បើតាមប្រភពពីកន្លែងកើតហេតុអោយដឹងថា ពេលដែលកំពុងបើកបរឆ្លងកាត់ផ្ទាំងប៉ាណូខាងលើសុខៗ ស្រាប់តែមានទឹករងៃហូរម្តង ១ដំណក់ ចំអ្នកដំណើរម្នាក់ ដោយហិតទៅមានក្លិនអសោច ក៏ឈប់ម៉ូតូ រួចត្រឡប់មកក្រោមផ្ទាំងប៉ាណូខាងលើ ស្រាប់ឃើញមានទឹករងៃស្រក់ ពីលើផ្ទាំងប៉ាណូដែលកាត់ទទឹងផ្លូវនោះមកលើផ្លូវ ក៏កើតការសង្ស័យ ឈរសម្លឹងមើលមួយសន្ទុះធំ ។

ស្រាប់តែឃើញក្បាលមនុស្ស និងដងខ្លួន មនុស្សប្រុសស្លៀកពាក់ខោខៅប៊ូយ គ្មានអាវ ខ្លួនស្រោបដោយទឹករងៃយ៉ាងរលោង ប្រៀបដូចសត្វផ្សោត ក្លិនភាយអសោចជះពេញទីតាំងខាងលើ ក៏នាំគ្នាផ្អើលរាយការណ៍ជូនសមត្ថកិច្ច ដោយសង្ស័យមានមនុស្សស្លាប់នៅខាងលើ ។

ក្រោយពីទទួលដំណឹងនេះ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ដើរត្រួតពិនិត្យជុំវិញទីតាំង ក៏ប្រទះឃើញទ្រនាប់ជើង១គូរ នៅគល់ជើងសសរផ្ទាំងប៉ាណូនោះ ។ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់មន្ត្រីជំនាញខាងកោសល្យវិច្ឆ័យ ដើម្បីចុះមកធ្វើការត្រួតពិនិត្យសាកសពនោះ ។

បន្ទាប់មក មន្ត្រីជំនាញបានយកសពបុរសខាងលើ ចុះមកក្រោម ព្រមទាំងបានធ្វើការត្រួតពិនិត្យទៅលើសាកសព ឃើញថា សព ពិតជាបានចងក ធ្វើអត្តឃាតនៅក្នុងចន្លោះផ្ទាំងប៉ាណូដោយខ្លួនឯង ដោយប្រើប្រាស់ខ្សែលួស ចងភ្ជាប់ជាមួយចង្រឹងដែកនៃផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជកម្មនោះពិតមែន ជាយូរថ្ងៃមកហើយ ទើបមានសភាពហើម ស្អុយខ្លាំង និងមានស្រកទឹករងៃថែមទៀតផង ៕