ជនសង្ស័យម្នាក់ឆក់កាបូបបានសម្រេច តែបែជាបាត់បង់ជីវិត ក្រោយជិះមកបុកនឹងម៉ូតូអ្នកដំណើរ២គ្រឿងពេញទំហឹង
Sokli
-

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេច ជ្រុលទៅបុកម៉ូតូកំពុងឆ្លងផ្លូវ និងបុកម៉ូតូមួយគ្រឿងទៀតកំពុងបញ្ច្រាស់ទិស បណ្តាលឲ្យជនសង្ស័យស្លាប់ភ្លាមៗ នៅវេលាម៉ោង ៨៖២០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីស្ត្រីរងគ្រោះក្នុងករណីឆក់កាបូបនេះមាន ឈ្មោះ សាំង សុនីតា មុខរបរ ជាគ្រូពេទ្យ មានទីលំនៅភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JE-6152 ជាមធ្យោបាយ ។

ស្ត្រីរងគ្រោះបានប្រាប់ថា មុនកើតហេតុ គាត់ជិះម៉ូតូទៅធ្វើការងារ តាមផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ខាងក្រោមស្ពានអាកាសចោមចៅ ស្រាប់តែជនសង្ស័យម្នាក់ជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JA-5458 ធ្វើសកម្មភាពឆក់យកកាបូបមានសម្ភារៈពេទ្យ ទូរស័ព្ទ លុយ បាយ ដែលដាក់នៅតាមខាងមុខ បានសម្រេច ហើយព្យាយាមជិះរត់គេច ។

ភ្លាមៗនោះគាត់បានស្រែក ចោរៗ ឆោឡោ ទាំងអ្នកដំណើរជួយស្រែកចោរៗ និងជិះដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុ ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ជនសង្ស័យបត់ឆ្វេងឆ្លងផ្លូវជ្រុលទៅបុកម៉ូតូ ហុងដាប៊ិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KG-6670 ជិះដោយបុរសម្នាក់ កំពុងឆ្លងផ្លូវពីជើងទៅត្បូង និងបន្តបុកម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-4236 ជិះដោយបុរសម្នាក់ ពីកើតទៅលិច ដួលទាំង៣គ្រឿង បណ្តាលឱ្យជនសង្ស័យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង ។ ចំណែកអ្នកដំណើរ២នាក់រងរបួសធ្ងន់ ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ២នាក់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅមន្ទីរពេទ្យ ។ ដោយឡែកសពជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញចរាចរ និងជំនាញព្រហ្មទណ្ឌ ចុះទៅពិនិត្យកោសល្យវិច័យ ស្រាវជ្រាវតាមនីតិវិធី ៕