ឃាត់ខ្លួន បុរសម្នាក់ វាតទីឆ្នេរសាធារណៈ ដាក់តុ ទារលុយភ្ញៀវ ៣ម៉ឺនរៀល នៅក្រុងព្រះសីហនុ
Sokli
-

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ត្រូវបានអាជ្ញាធរក្រុងព្រះសីហនុ ឃាត់ខ្លួននាំមកវាស់កម្ពស់ ព្រោះវាតទីយកឆ្នេរសាធារណៈ ដាក់តុហើយទារលុយភ្ញៀវ រហូតដល់៣ម៉ឺនរៀល នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមរបស់ លោកអភិបាលខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០២ ខែកមរា ឆ្នាំ២០២៤នេះ បានបង្ហោះសារអោយដឹងយ៉ាងដូច្នេះថា ៖ « កុំឈ្លើយ ប្រាប់ហើយថា កុំវាតទី លើឆ្នេរសាធារណៈ គាត់ដាក់តុ ទារលុយភ្ញៀវ រហូតដល់៣មឺនរៀល។ យកមកវាស់កម្ពស់ម្ដងមើល រួចធ្វើតេស្ត <វិជ្ជមានសារធាតុញៀនទៀត> ត្រូវយកទៅមណ្ឌលបន្សាបគ្រឿងញៀនបន្ត ។ អរគុណចំពោះប្រិយមិត្ត ដែលបានរាយការណ៍មកកាន់អាជ្ញាធរ» ។

សូមបញ្ជាក់ថា កន្លងមក រដ្ឋបាលក្រុង និងខេត្តព្រះសីហនុ ធ្លាប់បានជម្រាបជូនសាធារណជន ថា ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈ ធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។ ក្នុងករណីឃើញមានអ្នកដើរទារថ្លៃភាស៊ីតាមគ្រប់រូបភាព និងទារលុយពីបងប្អូន ដែលមកលេងកម្សាន្ត នៅលើឆ្នេរសាធារណៈ សូមបងប្អូនជួយផ្តល់ព័ត៌មានតាមទូរសព្ទលេខ ៖ 096 723 6600 / 070 633 338 ៕