ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកឱរ៉ាល់ ធ្វើការឃាត់ខ្លួនកូនប្រុសអកតញ្ញូម្នាក់ តាមបណ្តឹងម្តាយបង្កើត ខណៈដែលកូនប្រុសរូបនេះ ខឹងសុំលុយម្តាយ ចំនួន១០០ដុល្លារមិនបាន ស្ទុះទៅទាញយកចប វាយបំផ្លិចបំផ្លាញរបស់របរទ្រព្យសម្បត្តិ និងគំរាមសម្លាប់ម្តាយ ថែមទៀត ។
ការឃាត់ខ្លួនកូនប្រុសអកតញ្ញូខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខែត្តកំពង់ស្ពឺ ។
កម្លាំងនគរបាលស្រុកឱរ៉ាល់ បានប្រាប់ឱ្យដឹងថា មានករណីអំពើហិង្សាក្នុងគ្រួសារ បង្កឡើងដោយកូនប្រុសឈ្មោះ គីមស្រ៊ី គីមស្រៀន អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កន្លែងកើតហេតុខាងលើ បានធ្វើសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ និងគំរាមសម្លាប់ម្តាយបង្កើត ឈ្មោះ ហួន ស៊ីដេត អាយុ៤៥ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ។
ទ្រព្យសម្បត្តិខូចខាត រួមមាន ៖ កៅអីជ័រចំនួន១០ ពាងទឹកចំនួន០៤ តុដែក ០១ តុឈើ ០១ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
បើតាមមន្ត្រីនគរបាល បានបញ្ជាក់ថា ក្រោយពេលទទួលបណ្ដឹងពីជនរងគ្រោះជាម្ដាយ កម្លាំងនគរបាល បានចុះទៅដល់កន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យ នាំយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ចាត់ការបន្តតាមផ្លូវច្បាប់ ។
ហើយមូលហេតុបណ្តាលមកពីជនសង្ស័យជាកូន សុំលុយម្តាយចំនួន១០០ដុល្លារ ប៉ុន្តែម្តាយមិនមានឲ្យទើបខឹងសម្បារ វាយបំផ្លាញរបស់របរ និងគំរាមសម្លា.ប់ម្តាយ តែម្តង ៕