បន្ទាប់ពីលុបរូបភាពដ៏រីករាយនៅក្នុងការចេញទៅកម្សាន្តនៅប្រទេសថៃនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំពីបណ្តាញសង្គមរហូតមកដល់ពេលនេះតារាសម្តែង និងពិធីការិនី គង់ ចាន់ស្រីមុំ នៅរក្សាភាពស្ងប់ស្ងាត់នៅឡើយ ។ ខណៈអ្នកគាំទ្រមួយចំនួនបានបង្ហាញការរិះគន់ហើយអ្នកខ្លះថែមទាំងប្រកាសលែងគាំទ្រចំពោះតារាសម្តែង គង់ ចាន់ស្រីមុំ ថែមទៀត ។
បើទោះបីជាបានលុបរូបភាពក្នុងការទៅកម្សាន្តនៅក្នុងពិធីសង្រ្កាន្តនៅប្រទេសថៃក៏ពិតមែន តែអ្នកគាំទ្រជាច្រើននៅតែបន្តរិះគន់ដល់តារាសម្តែង គង់ ចាន់ស្រីមុំ ជាបន្តបន្ទាប់ ។ ថ្មីៗនេះទៀតសោតក៏មានផេកថៃមួយបានប្រមូលផ្តុំរូបភាពរបស់តារាសម្តែង គង់ ចាន់ស្រីមុំ ទៅលេងនៅប្រទេសថៃនាពេលកន្លងមកដោយភ្ជាប់ដោយសារខ្លីអរគុណដល់ គង់ ចាន់ស្រីមុំ និងស្វាមគន៍ចំពោះការមកលេងនៅប្រទេសថៃ ។ អ្វីដែលកត់សម្គាល់បើទោះទទួលរងការរិះគន់ពីសំ ណាក់អ្នកលេងបណ្តាញសង្គមដែលរួមមានទាំងអ្នកសិល្បៈក្តី តែ គង់ ចាន់ស្រីមុំ មិនបានចេញមុខប្រតិកម្មឬសុំទោសអ្វីឡើយពោលអ្នកនាងនៅរក្សាភាពស្ងប់ស្ងាត់និងមិនបានបង្ហោះរូបភាពអ្វីជាបន្តនៅក្នុងបណ្តាញសង្គមទៀតឡើយ ។
យ៉ាងណាមិញ ក៏ឃើញវត្តមានលោក ផែង វណ្ណៈបានសរសេររៀបរាប់ខាងក្រោមថា សួរថាគាត់ខុសអី ? គ្រាន់តែគាត់ទៅលេងនៅថៃ នាំគ្នាជេរប្រមាថគាត់ ? តាមខ្ញុំដឹង ខ្មែរច្រើនណាស់ទៅលេងថៃ ទៅលេង អ៉ឺរ៉ុប ទៅលេង អូស្រ្តាលី ទៅលេង វៀតណាម ទៅលេង សាំងហ្គាពួរ ។ ល ។ ព្រោះគាត់ទំនេរពេលចូលឆ្នាំ ហេីយជាសិទ្ធិសេរីភាពរបស់គាត់ លុយរបស់គាត់ ។ ខ្ញុំហួសចិត្តពេលឃើញ គេនាំគ្នាជេរគាត់ រហូតអ្នកខ្លះ ទាមទារអោយគាត់សុំទោសថែមទៀត ។ សុំទោសរឿងអី ? គិតទៅ អ្នកប្រេីហ្វេសប៊ុកមួយចំនួន តាប៉ែមែន ឃើញគេមានបាន គេល្បី កេីតរោគច្រណែន ឈ្នានីស គេ ទាំងគេមិនបានដឹងរឿងអីសោះ ។ បេីប្រកាន់នាងប្រេីកាំភ្លេីងបាញ់ទឹក ចុះនៅខ្មែរ មនុស្សរាប់លាននាក់ ប្រេីកាំភ្លើងបាញ់ទឹកដែរ មិនគាំទ្រថៃដែរទេ ? សរសេរមិនអស់សេចក្ដីទេ ពេលជា និយាយ វីដេអូ បានអស់សេចក្ដី ។
បន្ទាប់ពីសរសេរបែបនេះហើយ ស្រាប់តែមានមតិមួយឈ្មោះថា Bong Makara បើសួរថាខុសអត់មិនខុសទេលោកពូ តែបើសួរថាគួរឬអត់ ក្នុងនាមជា សិល្បៈជួរមុខម្នាក់ដែររបស់កម្ពុជា ? ខ្ញុំមិនហ៊ានវិនិច្ឆ័យទេ ។ មួយវិញទៀតខ្ញុំគិតថាមិនមែនបងប្អូនយើងមិនសប្បាយចិត្តរឿងគាត់លេងកាំភ្លើង ឬទៅលេងថៃទេ តែគេមិនសប្បាយចិត្តត្រង់គាត់ទៅថតអបអរជាមួយ អក្សរខាងក្រោយ "SANGKRAN MAHANAKHON" ដែលថៃទើបតែលួចយកទៅចុះបញ្ជីបានសម្រេចទៅវិញទេ ហើយខណៈពេលដែលយើងកំពុងមិនសប្បាយចិត្តរឿងនេះផង ដូចលោកពូបានជ្រាបអញ្ចឹង ។
ភ្លាមនោះលោកពូ ផែង វណ្ណៈក៏បានតបទៅវិញថា ចុះបងប្អូនខ្មែរទៅលេង អ៉ឺរ៉ុប ថតមុខឆាក គេរៀបចំបុណ្យ ណូអែល ខុសដែរ ? គាត់ទៅលេងចូលឆ្នាំនៅថៃ យេីងអោយថៃ សរសេរ របៀបម៉េចវិញ យេីងគ្រាន់តែជាភ្ញៀវទេសចរ ? ដូចភ្ញៀវទេសចរបរទេសមកលេងច្រេីននៅ សៀមរាប កំពង់សោម តេីអោយយេីងសរសេរ អក្សរ តម្រូវភ្ញៀវទេសចរ ឬ សរសេរក្នុងនាមយេីងជាម្ចាស់ផ្ទះ៕