ឯកឧត្តម ព្រាប កុល ជឿជាក់លើសម្តេចធីបតី ហ៊ុន ម៉ាណែតថានឹងសម្រេចឱ្យខាងតែបានក្នុងការសាងសង់សមិទ្ធផលប្រវត្តិសាស្ត្រថ្មីគឺ “ព្រែកជីកហ្វូណនតេជោ”
សីហា
-

ឯកឧត្តម ព្រាប កុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងគម្រោងព្រែកជីកហ្វ៊ូណន-តេជោ ក្រោមការផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម ព្រាប កុល បានលើកឡើងថា “សម្តេចធីបតី ហ៊ុន ម៉ាណែត ប្តេជាចិត្តដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីសម្រេចឱ្យខាងតែបានក្នុងការសាងសង់សមិទ្ធផលប្រវត្តិសាស្ត្រថ្មីគឺ “ព្រែកជីកហ្វូណនតេជោ” ដើម្បីសម្រេចក្តីប្រាថ្នារបស់ឪពុកផង និងដើម្បីជាកាដូជូនពលរដ្ឋខ្មែរផង ទោះក្នុងទម្រង់សេណារីយ៉ូវិនិយោគបរទេស ឬការវិនិយោគរបស់កម្ពុជាក្តី”។

ឯកឧត្តមបានបន្ថែមថា “ខ្ញុំជឿជាក់លើសមត្ថភាពដឹកនាំ ទេពកោសល្យ និងឆន្ទៈរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងស្មារតីសាមគីជាតិ និងឯកភាពជាតិរបស់បងប្អូនកូន ក្មួយ ជាជនរួមជាតិយើង”។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ បាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ បាសាក់ ស្រុកកោះធំ និងបន្តរហូត ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង ក្រោម ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាច ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព៕