កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ នេះ ពិធីករព័ត៌មានកីឡាដ៏ឆ្នើម លោក គន្ធ ជីវ័ន្ត បានទទួលមរណភាពទាំងវ័យក្មេង ដោយមានជំងឺមហារីកអណ្តាត ខណៈកំពុងសម្រាកព្យាបាលនៅប្រទេសថៃ កាលពីឆ្នាំមុន គឺនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ តារាសម្ដែងជើងចាស់ លោក គន្ធ តារាវណ្ណ បានទទួលមរណភាព ដោយរោគាពាធ។ ដំណឹងដ៏ក្រៀមក្រំនេះ ត្រូវបានគេទម្លាយលោក គន្ធ តារាវណ្ណ និងលោក គន្ធ ជីវ័ន្ធ ត្រូវជាឪពុក និងកូន នេះបើយោងតាមដោទំព័រហ្វេសប៊ុកក្រុមព្រះសូរិយា នាល្ងាចថ្ងៃ០៨ ខែកក្កដា។
ទំព័រហ្វេសប៊ុករបស់ក្រុមព្រះសូរិយាបានសរសររៀបរាប់ថា “ពិតជាមានការរន្ធត់ជាខ្លាំង មួយឆ្នាំ ស្លាប់ម្នាក់សូមរំលែកទុក្ខ ដ៏មហាសែនសោកសៅរកទីបំផុតគ្មាន ចំពោះក្រុមគ្រួសារនៃត្រកូលគន្ធ ដែលកាលពីឆ្នាំ២០២៣តារាសម្ដែងជើងចាស់លោក គន្ធ តារាវណ្ណ ដែលត្រូវជាឪពុកបង្កេីត លោកគន្ធ ជីវ័ន្ត បានទទួលមរណភាព។ ស្រាប់តែម្សិលមិញនេះ (ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤)លោក គន្ធ ជីវ័ន្ត ជាកូនប្រុសរបស់តារាសម្ដែងជើងចាស់លោក គន្ធ តារាវណ្ណ និងជាអធិប្បាយដ៏ល្បីល្បាញក្មុងវិស័យកីឡាប្រចាំប្រទេសកម្ពុជាបានទទួលមរណភាព”។
មុននៃការស្លាប់ លោក គន្ធ ជីវ័ន្ត បានបង្ហោះសារចុងក្រោយ “ផែនដីអើយ អ្នកពោរពេញដោយមនោសញ្ចេតនាណាស់។ អ្នកផ្តល់ស្នាមអនុស្សារីយ៍ច្រើនណាស់ ខ្ញុំស្រលាញ់អ្នក។ អ្នកបានផ្តល់សង្គមគ្រួសារដ៍គួរអោយស្រលាញ់។ អ្នកផ្តល់សង្គមញត្តិដែលគួរជាទីគោរព។ អ្នកផ្តល់សង្គមការងារគួរជាទីរាប់អានរាក់ទាក់។ អ្នកបានផ្តល់សង្គមជាតិគួរជាទីគោរពណាស់។ បើថ្ងៃណាមួយខ្ញុំចាកចេញពីអ្នកដោយមិនបានលានោះ សូមអ្នកកុំខឹងនឹងខ្ញុំណា ព្រោះខ្ញុំមាននិស្ស័យត្រឹមប៉ុណ្ណឹង។ ចាំណាខ្ញុំនៅតែនឹក នឹក នឹក ហើយស្រលាញ់អ្នក”។
សពរបស់លោក គន្ធ ជីវ័ន្ត តម្កល់ទុកនៅវត្តក្រាំងធ្នង់ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា មុននឹងធ្វើពិធីបូជា នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤៕