(ភ្នំពេញ)៖ អ្នកឧកញ៉ា សុខ គង់ និងកូនប្រុសគឺអ្នកឧកញ៉ា សុខ ហុង បានចូលរួមឧបត្ថម្ភមួយសព៦ពាន់ដុល្លារ និងអ្នករបួសម្នាក់៤លានរៀល បន្ទាប់ពីមានហេតុការណ៍ ប្រជាពលរដ្ឋប្រជ្រៀតគ្នា នៅមុខភូមិគ្រឹះអ្នកឧកញ៉ា ដើម្បីចាំយកអាំងប៉ាវ និងបណ្តាលឱ្យមានអ្នកស្លាប់៤នាក់ និងរបួសមួយចំនួន នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។
ដោយឡែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗ ចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។
ថវិកាទាំងនេះ ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះ ក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។
សូមជម្រាបថា គិតត្រឹមម៉ោង១២៖៣០នាទី ចំនួនអ្នកស្លាប់ពេលនាំគ្នា ទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់។ សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម៕