អ្នកឧកញ៉ា សួរ វីរៈ ក្លាយជា កុងស៊ុលកិត្តិយសទី១ នៃរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជា
សីហា
-

(ភ្នំពេញ)៖ នារសៀល​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋអ៉ីស្រាអែលមានសេចក្តីសោមនស្សរីករាយដោយបានប្រកាសតែងតាំង អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស (VET) ជាកុងស៊ុលកិត្តិយសនៃប្រទេសអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា។ កម្មពិធីនេះបានធ្វើឡើងនៅសណ្ឋាគារ Hyatt regency Phnom Penh និងដោយមានការចូលរួម​ លោក លោកស្រី អ្នកឧកញ្ញ៉ា ឧកញ្ញ៉ា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

ក្នុងនោះដែរ លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតរបស់ប្រទេសអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសតែងតាំងអ្នកឧកញ៉ា សួរ វីរៈ ជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា ដើម្បីរួមចំណែកក្នុងការជួយជម្រុញចំណងមិត្តភាព​រវាងប្រទេសទាំង២។

នាឱកាសនោះលោក ឃួន ផុនរតនៈ បានថ្លែងវាយតម្លៃខ្ពស់ និងកោតសរសើរដល់អ្នកឧកញ៉ា សួរ វីរៈ ដែលត្រូវបានឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា សម្រេចតែងតាំង​ជាកុងស៊ុលកិត្តិយស​អ៉ីស្រាអែល​ប្រចាំកម្ពុជា ​និងបានជម្រុញឱ្យខិតខំពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ព្រមទាំងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសចូលរួម​ក្នុងការជួយជម្រុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

លោកស្រី Orna Sagiv ក្នុងនាមជាប្រទេស និងប្រជាជនអ៉ីស្រាអែល ក៏បានថ្លែងចូលរួមអបអរសាទរ និងថ្លែងអរគុណដល់អ្នកឧកញ៉ា សួរ វីរៈ ដែលបានផ្តល់កិត្តិយសទទួលយកការតែងតាំងជាកុងស៊ុល​កិត្តិយសអ៉ីស្រាអែល​ប្រចាំកម្ពុជា ហើយលោកស្រីក៏បានរំពឹងខ្ពស់ផងដែរថា តាមរយៈកុងស៊ុល​កិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជានេះ នឹងចូលរួមចំណែកក្នុង​ជួយដល់ការជម្រុញនូវកំណើនភ្ញៀវទេសចរ​ឱ្យបានកាន់តែច្រើនបន្ថែមទៀតរវាង​ប្រទេសទាំង២ ផងដែរ។

នាឱកាសនោះដែរ «អ្នកឧកញ៉ា សួរ វីរៈ បានថ្លែងប្តេជ្ញាទទួលខុសត្រូវខ្ពស់ ក្នុងនាមជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា ហើយគោរពគោលបំណងនៃការតែងតាំងនេះដែលបង្ហាញអំពីការប្តេជ្ញាចិត្ត​ក្នុងការពង្រឹងចំណងមិត្តភាពរវាង​ប្រជាជាតិទាំងពីរ និងការក សាងអនាគត ដោយផ្អែកលើកិច្ចសហការ ការច្នៃប្រឌិត ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ» ។

អ្នកឧកញ៉ា សួរ វីរៈ បញ្ជាក់ថា ក្រៅពីមានតួនាទីជាអគ្គកុងស៊ុលកិត្តិយស អ្នកឧកញ៉ាក៏មានតួនាទីសំខាន់ទៀត គឺការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការស្វែងយល់ពីគ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា និងអ៉ីស្រាអែល ដោយមិនមែនត្រឹមតែទំនាក់ទំនងបែបកាទូតរវាងប្រទេស និងប្រទេសនោះទេ ពោល គឺឈានដល់ទំនាក់ទំនងឯកជនដែលផ្តល់ផលវិជ្ជមានចំពោះប្រជាជនទាំងពីរ។

អ៉ីស្រាអែល និងកម្ពុជា បាននិងកំពុងចែករំលែកបទពិសោធន៍ដ៏សម្បូរបែប ភាពច្នៃប្រឌិត និងភាពជឿជាក់ក្នុងដំណើរឆ្ពោះទៅវឌ្ឍនភាព។ ទោះបីជាប្រទេសទាំងពីរមានទីតាំងស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ ក៏ ប្រជាជាតិមានគោលបំណងស្របគ្នាជាច្រើនមានជាអាទិ៍ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ និរន្តរភាព ការពង្រឹងផ្នែកបច្ចេកវិទ្យា វិស័យអប់រំ ដែលនឹងធានាបាននូវអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជនរបស់យើង ។

ក្នុងនាមជាកុងស៊ុលកិត្តិយស លោកនឹងជួយពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ដើម្បីឱ្យកាន់តែមានការចែករំលែកក្នុងវិស័យអប់រំ និងវប្បធម៌ ព្រមទាំងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ហើយលោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតអ៉ីស្រាអែល រាជរដ្ឋាភិបាលកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល ដើម្បីសម្រេចកិច្ចការដែលបានកំណត់ នឹងខិតខំបង្កើនឱកាសសហការថ្មីៗបន្ថែមទៀត ព្រមទាំងពង្រឹងចំណងមិត្តភាព ដើម្បីសម្រេចឱ្យបាននូវគោលបំណងរួមគ្នារបស់ប្រទេសជាតិទាំងពីរ ។

អ្នកឧកញ៉ា សួរ វីរៈ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃប្រទេសអ៉ីស្រាអែល ដោយមានលោកស្រីឯកអគ្គរដ្ឋទូត Orna Sagiv ជាតំណាង និងរាជរដ្ឋាភិបាលនៃកម្ពុជា ដែលបានផ្តល់ការជឿជាក់ និងមានទំនុកចិត្តលើរូបលោក។ លោកក៏ប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបំពេញភារកិច្ចឱ្យបានល្អបំផុត ដើម្បីជាចំណែកចូលរួមកសាងភាពរុងរឿងរួមគ្នា ការច្នៃប្រឌិត និងភាពជាដៃ គូយូរអង្វែងរវាងប្រទេសទាំងពីរ៕