លោក ប៊ុន ផាក ប្រកាសចូលខ្លួនស្រាយបំភ្លឺ តាមការអញ្ជើញរបស់ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ
Heang
-

យោងតាមការបង្ហោះរបស់លោក ប៊ុន ផាក នៅមុននេះបន្តិចបានប្រកាសដូច្នេះថា ៖ «ខ្ញុំបាទ ប៊ុន ផាក នឹងចូលខ្លួនស្រាយបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ តាមការអញ្ជើញរបស់ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានី នៅព្រឹកថ្ងៃទី 21 ខែ មីនាខាងមុខនេះ។

ខ្ញុំជឿទៅលើការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ហើយខ្ញុំនឹងធ្វើការបកស្រាយពីសំណេរដែលខ្ញុំបានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃ 15 ខែមីនា កន្លងទៅ។

ចំពោះសំណេរនេះ ដំបូងគឺខ្ញុំចង់បង្ហាញពីការព្រួយបារម្ភចំពោះករណីដែលបានកើតឡើងទៅលើមិត្តភក្តិរបស់ជនបរទេសឈ្មោះ Christ ដែលត្រូវបានចោរឆក់កាបូបនៅព្រឹកថ្ងៃ 15 ខែមីនា។ ភ្លាមៗនោះ ខ្ញុំក៏បានបញ្ចេញមតិទៅលើបណ្តាញសង្គមថា៖ “កំចាត់ក្មេងទំនើង និងចោរប្លន់ឱ្យបាន ទើបយើងអាចនិយាយបានថា យើងមានសន្តិភាព”។

ជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ ពាក្យសន្តិភាពគឺសំដៅទៅលើ ភាពសុខសាន្តរបស់ប្រទេសជាតិ ប្រទេសគ្មានសង្គ្រាម ប្រជាជនរស់នៅដោយស្ងប់សុខ គ្មានភាពវឹកវរ គ្មានការព្រួយបារម្ភ មានសុវត្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាក់ស្តែងយើងឃើញថា ប្រទេសយើងមានសន្តិភាពពេញលេញហើយ តែបញ្ហាក្មេងទំនើង និងចោរលួច ចោរប្លន់នៅតែកើតមានជាហូរហែរជារឿងធម្មតា ប្រទេសណាក៏មានដូចគ្នាដែរ ហើយយើងក៏ឃើញពីសកម្មភាពដ៏សស្រាក់សស្រាំរបស់សមត្ថកិច្ចក្នុងការបោសសំអាតមេរោគសង្គមទាំងនោះដែរ។

ក្នុងនាមជាពលរដ្ឋម្នាក់រស់នៅក្រោមម្លប់សន្តិភាព យើងក៏ចង់ឃើញប្រទេសយើងមានភាពសុខសាន្ត រស់នៅគ្មានការព្រួយបារម្ភ និងទទួលបានការការពារពីស្ថាប័នមានសមត្ថកិច្ច និងមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ ក្នុងនាមជាពលរដ្ឋដែលកំពុងរស់នៅក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។

ក្នុងន័យនេះ ខ្ញុំមិនមានចេតនាទុច្ចរិតក្នុងការបំភ្លៃព័ត៌មានមិនពិត ឬធ្វើការវាយប្រហារទៅកាន់ស្ថាប័ន្ធសាធារណៈណាមួយឡើយ វាគ្រាន់តែជាការចូលរួមចំណែកឈឺឆ្អើលរឿងអសន្តិសុខក្នុងសង្គម ក្នុងគោលបំណងរក្សារឱ្យបាននូវសន្តិសុខ និងសន្តិភាពជូនប្រជាពលរដ្ឋក្នុងនាមជាអ្នកចែករំលែកចំណេះដឹងមួយរូបប៉ុណ្ណោះ។ សូមអរគុណ និងសូមទទួលយកការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ! ប៊ុន ផាក » ។ 

គួររំលឹកផងដែរថា នៅកាលពីប៉ុន្មានថ្ងៃមុននេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសំណេរទៅកាន់លោក ប៊ុន ផាក ដូច្នេះថា ៖« ក្នុងនាមខ្ញុំស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យជំនាញខាងផែនសន្តិសុខអញ្ជើញ ប្អូនម្ចាស់ផេក ចូលមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពី ពាក្យថា " សន្តិភាព "។ សូម អរគុណ» ។ 

ការបង្ហោះរបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ផុសឡើងក្រោយលោក ប៊ុន ផាក បានបង្ហោះសំណេរយ៉ាងខ្លីដូច្នេះថា ៖ « កំចាត់ក្មេងទំនើង និងចោរប្លន់ឱ្យបានទៅ ទើបអាចនិយាយបានថា យើងមានសន្តិសុខ» ៕