នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបានមុខសញ្ញាជនល្មើស០១នាក់ ក្នុងករណីឆបោកលុយភ្ញៀវតាមប្រព័ន្ធបណ្តាញសង្គមFacebook ដែលមានផេកឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា, CAM-Growth Agri-Services Company, សេវាកម្មផ្គត់ផ្គង់មាន់ និងទាសាច់ គ្រប់ប្រភេទ, សេវាកម្មទិញលក់មាន់ស្រែកម្ពុជា, សេវាកម្មទិញលក់មាន់គ្រប់ប្រភេទ និងគណនីFacebook ឈ្មោះ Ratha Kim, Ratha Kim (ដង្ខៅ កសិកម្ម), ពាយ័ព្យដេប៉ូបោះដុំជ្រូកកណ្តុរ, សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ មាន់ស្រែកម្ពុជា និងបានបង្កើតFacebook Pages និង Accounts ក្លែងក្លាយជាច្រើនទៀត ព្រមទាំងបណ្តាញតេលេក្រាម (Telegram) ដើម្បីឆបោកលុយពីជនជាតិបរទេស និងបងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើនករណី ប្រព្រឹត្តដោយជនល្មើសឈ្មោះ គឹម រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។



ក្រោយពីជំនាញសាកសួរ ជនល្មើសរូបនេះ បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើការឆបោកលុយពីជនជាតិខ្មែរ និងជនជាតិបរទេសជាច្រើនករណី តាមបណ្តាញសង្គមFacebook ពិតប្រាកដមែន នៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌។
ដូច្នេះសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះពីការឆបោកលុយរបស់ឈ្មោះ គឹម រដ្ឋា អាចទំនាក់ទំនងមកដាក់ពាក្យបណ្តឹងបន្ថែមបាន នៅការិយាល័យនីតិវិធី នៃនាយកដ្ឋាននគរបាលទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរៀងរាល់ម៉ោងធ្វើការ។ សំរាប់ពត៌មានលម្អិត អាចធ្វើការស្គេនQR Code នៅខាងក្រោមនេះ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ Hotline របស់ការិយាល័យនីតិវិធី: (010 665 675) ៕






