សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បងប្រុសរបស់សម្តេចលោក ហ៊ុន សាន គឺនៅមានជីវិតនៅឡើយ ហើយគ្រូពេទ្យកំពុងបន្តសង្រ្គោះនៅហ្នឹងផ្ទះរបស់គាត់
Heang
-

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចេញមកបញ្ជាក់ថា បងប្រុសរបស់សម្តេច គឺលោក ហ៊ុន សាន នៅមានជីវិតនៅឡើយ ហើយគ្រូពេទ្យកំពុងបន្តសង្រ្គោះនៅហ្នឹងផ្ទះរបស់គាត់។

ការបញ្ជាក់របស់សម្តេចតេជោ ជាការឆ្លើយតបទៅនឹងការផ្សាយលើបណ្តាញសង្គមមួយចំនួនថា លោក ហ៊ុន សាន បានទទួលមរណភាព។ សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះការយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្រុសសម្តេច ក៏ដូចជាការរាប់អានចំពោះគ្រួសារសម្តេច។ 

សូមរំលឹកផងដែរថា នៅកាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥កន្លងទៅម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយបញ្ជាក់ថា «នៅពេលនេះសម្តេចកំពុងមានទុក្ខធ្ងន់ ដោយម្ខាងភរិយាត្រូវវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្ខាងបងប្រុសសន្លប់មិនដឹងខ្លួន២៤ម៉ោងមកហើយ។

សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយតែក្នុងឋានះជាស្វាមីនៅតែមានកង្វល់ ព្រោះមិនអាចនៅកំដរនិងមើលថែទាំភរិយាបាន។

រឿងធ្ងន់ជាងនេះគឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយ។

ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយនិងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋាន ក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។

រឿងចម្លែកសូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរសព្វ័មានរូបប្លែកពីគ្នា នៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំហាក់បង្ហាញនូវការមិនអស់ចិត្តឬនៅអាឡោះអាល័យអ្វីមួយ។ ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរ ព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។ មិនដឹងថា អ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា? និងអ្នកអបីយជំនឿបកស្រាយរបៀបណា?៕