ឯកឧត្តម ហ៊ុន ម៉ានី មានការ​អាឡោះអាល័យបន្ទាប់ពីអ៊ំប្រុសជាទីគោរព ហ៊ុន សាន បានទទួលមរណភាព និងបន្សល់ទុកនៅស្នាមញញឹម និងដំបូន្មានជាច្រើនដល់កូនចៅ...
Heang
-

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈឯកឧត្តម ហ៊ុន ម៉ានី មានការ​អាឡោះអាល័យ ខណៈអ៊ំប្រុស (ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន) បានទទួលមរណភាព និងបន្សល់ទុកនៅ ស្នាមញញឹម ដំបូន្មានជាច្រើនដល់កូនក្មួយ។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្ដាញ​សង្គមហ្វេស​ប៊ុករបស់ឯកឧត្តមនៅយប់រំលងអធ្រាត្រថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះថា ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ថ្ងៃនេះ អ៊ំបានចាកចេញពីពួកយើងទាំងអស់គ្នាហើយ។

ឯកឧត្តមបានបន្តថា អ៊ំបានបន្សល់ទុកនូវស្នាមញញឹម រឿងរ៉ាវរបស់អ៊ំ ពុក និងក្រុមគ្រួសារ ដែលនាំមកនូវមនោសញ្ចេតនា ភាពកក់ក្តៅ។ លើសពីនេះទៀត គឺដំបូន្មានសម្រាប់ក្មួយៗ អោយចេះមើលថែគ្នា ក៏ដូចជាការគិតគូរពីប្រទេសជាតិ និងប្រជាជន ក្នុងនាមជាការទទួលខុសត្រូវរបស់ ត្រកូលយើង (ត្រកូលហ៊ុន) ដែលបានចាប់ផ្តើមពីយូរហើយ ជាពិសេស មើល និងរៀនសូត្រពីពុក។

ឯកឧត្តមបានបញ្ជាក់ថា ទោះអ៊ំបានទៅចោលយើង ប៉ុន្តែក្មួយនឹងចងចាំនូវស្នាមញញឹម ដំបូន្មាន និងអនុស្សាវរីយ៍ជាច្រើនទៀត ហើយជាពិសេស ឈ្មោះដែលតែងតែអ៊ំហៅខ្ញុំ គឺ “ថាំងចេង”។

ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមបានបួងសួងជូនចំពោះ អ៊ំប្រុស ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន ទទួលនៅការគោរព ស្រឡាញ់ និងសេចក្តីនឹករលឹកពីខ្ញុំ ហើយសូមអ៊ំ ធ្វើដំណើរទៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន បានទទួលមរណភាព នៅថ្ងៃសុក្រ ១៥រោច​ ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២ និង២៧ នាទីព្រឹក ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ៕