(ដកស្រង់ព័ត៌មាន_Update News): បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តាំងមន្រ្តីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ មន្ត្រីបេឡាជាតិសន្តិសុខសង្គម សហការជាមួយអាជ្ញាធរស្រុកប្រាសាទបល្ល័ង្ក ចុះទៅដល់ផ្ទះពលការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤ឆ្នាំ រស់នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បន្ទាប់ពីពលការិនីរូបនេះ បានត្រលប់មកស្រុកកំណើតវិញ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីជួបគ្រោះថ្នាក់បាក់កែងជើង ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ (ប្រភពក្រសួងការងារ)។



គិតមកដល់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមការងារសង់ត្រាល់ បានទទួលដំណឹងពីក្រុមគ្រួសារពលកររងគ្រោះ ថា “មន្ទីរពេទ្យបង្អែកខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកជនរងគ្រោះ ពលការិនី ឈ្មោះ សឿន សំណាង ទៅព្យាបាលបន្តនៅពេទ្យបង្អែកខេត្តកំពង់ធំ។
សូមបញ្ជាក់ថា ពលការិនីរងគ្រោះដោយសាររញ្ជួយដី បាក់រលំអគារ ៣០ជាន់ កាលពីថ្ងៃទី២៨ ខែមីនា ២០២៥ បានមកដល់កម្ពុជាវិញហើយ ខណៈកូន និងមិត្តរួមការងារដទៃទៀត នៅរងចាំបើកប្រាក់ខែ ដែលថៅកែមិនទាន់បានបើកប្រាក់ខែ នៅក្រុងបាងកក ប្រទេសថៃ។



យោងតាមសាច់ញាតិបញ្ជាក់ប្រាប់ក្រុមការងារសង់ត្រាល់ថា ពលការិនី សឿន សំណាង (ហៅ ចូច សំណាង )ដោយសារជីវភាពខ្វះខាត ជាប់បំណុល ចង់ទៅរកការងារនៅស្រុកគេ ដើម្បីឱ្យជីវភាពធូរប្រសើរ។ អ្នកស្រីសំណាង ខ្ជីលុយគេបន្ថែម ដើម្បីធ្វើឯកសារ សង្ឃឹមថា នឹងគេចផុតពីហានិភ័យផ្សេងៗ ប៉ុន្តែជាអកុសល ទៅដល់ស្រុកគេហើយ ធ្វើការមិនទាន់បានបើកលុយផង ត្រូវជួបគ្រោះរញ្ជួយដីរលំអគារ នៅថៃ រងរបួសធ្ងន់បាក់កែងជើង ដោយសារពេទ្យនៅថៃ យកថ្លៃសេវាព្យាបាលថ្លៃពេក ទើបសម្រេចចិត្ត ត្រឡប់មកស្រុកកំណើតភ្លាមៗ ។



ដោយសារជើងម្ខាងរបស់គាត់ ពុំអាចដើរួចទេ មិនទាន់បានទៅពេទ្យនៅឡើយ ដោយសារខ្វះលុយ ដូច្នេះ ថ្ងៃទី០១ ខែមេសានេះបានមន្ត្រីពាក់ព័ន្ធជួយអន្តរាគមន៍ គ្រូពេទ្យ បានដឹកទៅព្យាបាលបន្តនៅទីរួមខេត្តកំពង់ធំ។
ពលការិនី ឈ្មោះសំណាង ព្រមទាំងប្តីនិងកូន ទៅធ្វើការនៅថៃ បានត្រឹម១២ថ្ងៃប៉ុណ្ណោះ ក៏កើតហេតុនេះឡើង។ អ្នកស្រីសំណាង សង្ឃឹមថា នឹងបានសំណងខ្លះៗ ពីថៅកែម៉ៅការសំណង់ និងរដ្ឋថៃ ពិសេសប័ណ្ណប្រកាន់សង្គមថៃ។
អ្នកស្រីសំណាង មានទីលំនៅភូមិវាថ្នល់ ឃុំសាគ្រាម ស្រុកបា្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ជាកូនកំព្រាតាំងពីតូច រស់នៅជាមួយម្តាយមីង ។



ក្រុមការងារសង់ត្រាល់ សង្ឃឹមថា រដ្ឋាភិបាល មន្ត្រីក្រោមឱវាទគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ លើការជួយសង្គ្រោះពលករខ្មែរ ដែលជួបប្រទះករណីខាងលើនេះ ពិសេសបន្តជួយ ពលការិនី សឿន សំណាង ដល់ជាសះស្បើយ ដើម្បីមានលទ្ធភាពបន្តការដោះបំណុល ទ្រទ្រង់ជីវភាព ចិញ្ចឹមកូនៗ។