អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងចាត់ការលើបណ្តឹងព្រហ្មទណ្ឌរបស់ឈ្មោះ សម្បត្តិ កុសល ប្តឹងប្តីប្រពន្ធឈ្មោះ ចិន ស្រីដា ដែលជាម្ចាស់បំណុលពីបទ...
Heang
-

ភ្នំពេញ៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក សយ ច័ន្ទវិចិត្រ បានឱ្យដឹងថា ករណីបណ្តឹងព្រហ្មទណ្ឌរបស់ឈ្មោះ សម្បត្តិ កុសល ប្តឹង ប្តីប្រពន្ធឈ្មោះ ចិន ស្រីដា និងលោក ទី ប្រាថ្នា ពីបទប៉ុនប៉ងសូកប៉ាន់ និងករណីមន្ត្រីនៅខេត្តតាកែវ ដែលសង្ស័យទទួលសំណូកអ្នកលក់គ្រឿងញៀន ត្រូវបញ្ជូនមកដៃ ACU រួចហើយ។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងបែបនេះ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នាឱកាសដែលក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី៤៦ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាព លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៤៥ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ACU បានបញ្ជាក់ថា «អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែមេសា សរុបចំនួន ៤៤ពាក្យប្ដឹង។ ដោយឡែកមានពាក្យប្ដឹងចំនួន២ ដែលសាលាដំបូងខេត្តសៀមរាប (ករណីបណ្តឹងព្រហ្មទណ្ឌ របស់ឈ្មោះ សម្បត្តិ កុសល ប្តឹង ប្តីប្រពន្ធឈ្មោះ ចិន ស្រីដា និងលោក ទី ប្រាថ្នា ពីបទប៉ុនប៉ងសូកប៉ាន់) និងសាលាដំបូងខេត្តតាកែវ (ករណីមន្ត្រី ដែលសង្ស័យទទួលសំណូកពីអ្នកលក់ដូរគ្រឿងញៀន) បានបញ្ជូនមក អ.ប.ព. សមត្ថកិច្ច»។

សូមបញ្ជាក់ថា ក្រោយពិនិត្យពាក្យបណ្ដឹង និងចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ឃើញថា បទល្មើសដែលឈ្មោះ សម្បត្តិ កុសល ប្តឹងចូលមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ជាប្រភេទនៃបទល្មើសមួយក្នុងចំណោមបទល្មើសពុករលួយ ដែលជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការស៊ើបអង្កេត។ ដូច្នេះ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចផ្ទេរសំណុំរឿងជូនអង្គភាពប្រឆាំងអំពើពុករលួយ ជាសមត្ថកិច្ច។

ឈ្មោះ ចិន ស្រីដា ជាម្ចាស់បំណុលរបស់ឈ្មោះ រាំង ភិរម្យ ហើយ រាំង ភិរម្យ មានប្តីឈ្មោះ សម្បត្តិ កុសល ជាស្នងការរងខេត្តបន្ទាយជ័យ។ ឈ្មោះ សម្បត្តិ កុសល បានប្តឹងឈ្មោះ ចិន ស្រីដា ទៅតុលាការពីបទគំរាមកំហែងបង្ហោះសារបរិហារកេរ្តិ៍លោក ក្នុងរឿងដែលប្រពន្ធខ្លួនបានខ្ចីបំណុល អំពីការពាក់ព័ន្ធទៅនឹងការដំឡើងបុណ្យស័ក្ត។

ដោយឡែក សម្រាប់ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល លោក សយ ច័ន្ទវិចិត្រ បានឱ្យដឹងដែរថា មានមន្ត្រីចំនួន ១៧២រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១៣១រូប ចំណែកមន្ត្រី ២រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៣៩រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍ និងចប់អាណត្តិ៕ ប្រភព CNN