សម្ដេចធិបតី សោកស្ដាយដែលក្រុមប្រឆាំងជ្រុលនិយម បន្តដើរអំពាវនាវអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជា
Heang
-

ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការសោកស្ដាយដែលក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បន្តដើរអំពាវនាវអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងជួបការលំបាកបែបនេះ ក្រុមប្រឆាំងជ្រុលនិយមបែរជាមិនជួយ បែរជានាំគ្នាយកជើងរា បន្តធ្វើសកម្មឿភាពឱ្យមានការរាំងស្ទះ និងអំពាវនាវដល់អន្តរជាតិ ក៏ដូចជាអាមេរិកដាក់ទណ្ឌកម្មមកលើកម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយជាមួយអាមេរិកដើម្បីជួយដល់ប្រជាពលរដ្ឋ។

សម្តេចធិបតីបានអំពាវនាវប្រជាពលរដ្ឋរួមគ្នាការពារភាពសុខសាន្តរបស់ប្រទេស មិនត្រូវជឿតាមការញុះញង់ណាមួយទៅបំផ្លាញប្រទេសជាតិនោះឡើយ។ សម្តេចមានការសោកស្ដាយពីព្រោះក្រុមជ្រុលនិយមបើមិនគិតពីសេចក្តីសុខរបស់អ្នកដទៃ ក៏គួរគិតពីសេចក្តីសុខរបស់ខ្លួន និងគ្រួសារ។

ក្នុងឱកាសនោះ សម្ដេចធិបតី បានប្រកាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តភាពដៃជាគូរវាងកម្ពុជា និងជប៉ុន លើកិច្ចអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចធានាបានដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំកម្ពុជា ហើយកម្ពុជាមិនត្រូវការយកប្រទេសណាជាសត្រូវនោះទេ គឺជាមិត្តគ្រប់ប្រទេស។ កម្ពុជា មានពលរដ្ឋ ១៧ លាននាក់ តែអង្គុយជជែកស្មើមុខស្មើមាត់ជាមួយប្រទេសនានា៕