ភ្នំពេញ៖ កូនប្រុសច្បងរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង គឺ ឧកញ៉ាវ័យក្មេងពោរពេញដោយសមត្ថភាព គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company បាននាំយកនូវថវិកាចំនួន ១.០៩៩.៩៩៩ ដុល្លារអាម៉េរិក ប្រគល់ជូនកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ក្រោមវត្តមានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំទិវា៨ឧសភា ឧកញ៉ា គិត ស៊ូឡា បានដឹកនាំប្រតិភូចំនួន៨រូប ដើម្បីនាំយកថវិកាបរិច្ចាគជូនកាកក្រហមកម្ពុជា ក្នុងនោះរួមមាន ឧកញ៉ា គិត ស៊ូឡា ជាប្រធានគណៈប្រតិភូ និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company, អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អគ្គនាយិការងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ, អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, កញ្ញា គិត ស៊ូរៀរង្សី, កញ្ញា គិត ស៊ូណាវីន ទេវី, លោក Dmytro Kolechko អគ្គនាយកធនាគារវីង, លោក Manu Rajan អគ្គនាយកវីង, និងលោក Paul Clements អគ្គនាយករងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានថ្លែងសំណេះសំណាលស្វាគមន៍យ៉ាងកក់ក្ដៅ ប្រកបដោយសេចក្ដីគោរពស្រលាញ់ និងសួរសុខទុក្ខហើយក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company កូនប្រុសច្បងអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ម្ចាស់ក្រុមហ៊ុន Royal Group ផងដែរ។

ជាមួយគ្នានោះ ឧកញ៉ា គិត ស៊ូឡា បានមានប្រសាសន៍ថា ការបរិច្ចាគនៅថ្ងៃនេះ ជាស្មារតីនៃការរួមចំណែកជួយសង្គមកម្ពុជា ហើយបើអាច ទោះបីការបរិច្ចាគក្នុងកម្រិតណាមួយក៏ដោយ យើងគួរតែចូលរួមឱ្យបានផុសផុលទាំងអស់គ្នា ព្រោះការបរិច្ចាគតាមរយៈកាកបាទក្រហមកម្ពុជា គឺជាការបរិច្ចាគប្រកបដោយភាពត្រឹមត្រូវ និងចំគោលដៅយ៉ាងពិតប្រាកដ ក្នុងបេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះគ្រប់រូបភាព រួមទាំងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងធម្មជាតិ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

គួរបញ្ជាក់ផងដែរថា ឧកញ៉ា គិត ស៊ូឡា ជាកូនប្រុសច្បងរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ។ ជាការពិតក្នុងនាមជាមហាសេដ្ឋីល្បីល្បាញមួយរូបនៅកម្ពុជា កន្លងមក អ្នកឧកញ៉ា គិត ម៉េង តែងតែចូលរួមឧបត្ថម្ភ និងបរិច្ចាគថវិកាស្ទើរគ្រប់រូបភាពក្នុងចលនាជួយសង្គម និងតែងបរិច្ចាគជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា។ តាមរយៈគំរូវីរភាពនេះ នៅថ្ងៃនេះ ឧកញ៉ា គិត ស៊ូឡា កូនប្រុសច្បងរបស់អ្នកឧកញ៉ាទាំងពីរ ក៏បានដើរតាមគន្លងគំរូរបស់លោកឪពុកអ្នកម្ដាយ ដើម្បីបន្ដបេសកកម្មចូលរួមជួយសង្គមជាតិ និងប្រជាជនកម្ពុជា ផងដែរ៕






