ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​លេងល្បែង​ចាញ់​នៅ​ច្បារ​អំពៅ ជិះឡាន​ឈ្នួល​មក​លួច​ម៉ូតូ​គេ​នៅ​កៀនស្វាយ
Heang
-

ខេត្តកណ្តាល​​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​លេងល្បែង​ចាញ់​នៅ​ច្បារ​អំពៅ ជិះឡាន​ឈ្នួល​មក​លួច​ម៉ូតូ​គេ​នៅ​កៀនស្វាយ ស៊យ​ម្ចាស់​គេ​ទាន់ ជិះរ​ត់ទៅ​បុក​ជញ្ជាំង​ស​ង្ក័​សី​បែកក្បាល​ហូរ​ឈាម ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ០៥ និង ៣០​នាទី ល្ងាច​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ភូមិ​ព្រែក​ត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ​រិ​ន តុង​លី​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ព្រែក​ត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ អៀង សុខ​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិត​មានស្រុក​កំណើត​នៅ​ភូមិ​ត្បូង​ដំរី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្នុង​នោះ​សម្ភារៈ​បាត់បង់​រួម​មាន ៖

ម៉ូតូ​០១​គ្រឿង ម៉ាក​Honda C125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​2019 ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1AF-4027(​ជា​របស់​ជន​រង​គ្រោះ​)​។​វត្ថុ​តាង​ចាប់​យក​:

១/ ម៉ូតូ​០១​គ្រឿង​ម៉ាក​Honda C125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​2019 ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1AF-4027(​ជា​របស់​ជន​រង​គ្រោះ​) ។

២/ អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​១

៣/ កាបូប​លុយ​ពណ៌​ត្នោត​ចំនួន​១

៤/ កាត ABA​ចំនួន​១

៥/ កាត AMK ចំនួន​១

៦/​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-19 ចំនួន​១

៧/​ទទួល​លឺ​វី​ស​ពណ៌​លឿង​-​ខ្មៅ​ដង​ជ័រ​ប្រវែង​១៨,៥៥​សង់ទីម៉ែត្រ​ចំនួន​១

៨/​នាមប័ណ្ណ​ទិញ​លក់​ម៉ូតូ​ចំនួន​១

៩/ វិ​ក័យ​ប​ត្រ​ទិញ​លក់​ម៉ូតូ ចំនួន​២​សន្លឹក

១០/​សោ​ម៉ូតូ​១,​កូនសោ​ផ្ទះ​១,​កូនសោ​បន្ទប់​១ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពុង​ជួសជុល​ម៉ូតូ រួច​បាន​ដើរ​ចូល​ក្នុង​បន្ទប់ទឹក និង​ទុក​សោរ​ជាប់​នឹង​ម៉ូតូ​នៅ​ក្នុងផ្ទះ ដើម្បី​ទុក​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​ជិះ​ទៅ​លក់ដូរ​នៅ​ក្នុង​រោងចក្រ​សួន​ឧស្សាហកម្ម​សំរោង​ធំ ពេល​ចូល​បន្ទប់ទឹក​នោះ ក៏​បាន​ទុក​ឲ្យ​កូនប្រុស​អាយុ​៥​ឆ្នាំ អង្គុយ​លើ​កៅអី​ក្បែរ​ម៉ូតូ​នឹង​ដែរ ស្រាប់តែ​ជនសង្ស័យ​បាន​ចុះ​ពី​រថយន្តឈ្នួល​មក​ដើរ​ចូល​ក្នុងផ្ទះ ទាញ​យក​ម៉ូតូ​ជន​រង​គ្រោះ​ចេញពី​ក្នុងផ្ទះ​ប្រហែល​០៣​ម៉ែត្រ​ដល់​ចិញ្ចើម​ផ្លូវ កូន​ជន​រង​គ្រោះ​បាន​ស្រែ​កថា ប៉ា​ចោរលួច​ម៉ូតូ ឃើញ​ដូច្នេះ​ជន​រង​គ្រោះ​បាន​រត់​ចេញពី​បន្ទប់ទឹក រត់​ដេញ​តាម​ចាប់​ជនសង្ស័យ​។ ចំណែក​ជនសង្ស័យ​ភ័យ ជិះរ​ត់ទៅ​បុក​និង​ជញ្ជាំង​ស​ង្ក័​សី​បែកក្បាល​ហូរ​ឈាម ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ក្របួច​បាន​ភ្លាម និង​តេ​ទូរស័ព្ទ​ប្រាប់​នគរបាល​ប៉ុស្ដិ៍​សំរោង​ធំ​ដើម្បី​ឲ្យ​ជួយ​អន្ដរាគមន៍ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ជិះ​រថយន្តឈ្នួល​ចេញពីផ្ទះ សំដៅ​មក​លេងល្បែង​ចាក់​ជល់​មាន់​អន​ឡាញ និង លេង​អាប៉ោង​នៅ​ម្តុំ​ផ្សារ​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ពេល​ចាញ់​អស់ប្រាក់ ខ្លួន​បែប​គំនិត​ចង់​លួច​ម៉ូតូ​គេ ។ បន្ទាប់​មក​ខ្លួន​ក៏​សុំ​ប្រាក់​មេអាប៉ោង​ចំនួន​១​ម៉ឺន​រៀល ដើម្បី​ជិះ​រថយន្តឈ្នួល​មក​តាម​ផ្លូវជាតិ​លេខ​១ លុះដល់​ចំណុច​ម្តុំ​កា​រ៉ា​ស់​សាំង​លី​ម​ឡុ​ង ស្ថិត​ក្នុង​ឃុំ​សំរោង​ធំ ខ្លួន​បាន​ឲ្យ​គេ​ឈប់​ឡាន រួច​ចុះ​ដើរ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​១​មក​ភ្នំពេញ​វិញ ក្នុង​គោលបំណង​ដើរ​សម្លឹង​មើល​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ណា​ទុក​ប្រហែស​ខ្លួន​នឹង​លួច​យក ពេល​ដើរ​ដល់​ចំណុច​ផ្ទះ​កើតហេតុ​ខ្លួន​បានឃើញ​ម៉ូតូ​គេ​ទុក​សោ​ជាប់​នៅ​នឹង​ម៉ូតូ ក៏​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ តែ​ត្រូវ​ម្ចាស់​ម៉ូតូ​តាម​ទាន់​ក៏​រត់គេច​ទៅ​បុក​នឹង ជញ្ជាំង​ស​ង្ក័​សី បណ្តាល​ឲ្យ​បែកក្បាល​ចេញ​ឈាម ភ្លាម​នោះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បាន​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច <​មូលហេតុ​ខ្លួន​លេងល្បែង​ចាញ់​> ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ស្រុក​កៀនស្វាយ កំពុង​កសាង​សំណុំ​បញ្ចូល​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់ ៕ ​ប្រភព៖ កោះសន្តិភាព