មន្ត្រីសេះហោះនិងមន្ត្រីខ្ជិលទាំងអស់ ត្រូវតែប្រយ័ត្នខ្លួននិងឆាប់កែរខ្លួន ពីព្រោះរាជរដ្ឋាភិបាលកំពុងពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការតាមរយ:ការពង្រឹងការគ្រប់គ្រងអោយបានល្អ និងហ្មត់ចត់ហើយ ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញសារាចរស្តីពី«ការ ធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងជំរឿនមន្ត្រី ជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ចំណុះ អង្គការនីតិប្រតិបត្តិ» ។

សារាចរនេះ គឺដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលសូមដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន មន្ត្រី ជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ។
បើតាមសារាចរស្តីពីការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល នាថ្ងៃ២០ ឧសភា ការធ្វើជំរឿននេះ ក្នុងគោលបំណងកំណត់ឲ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទរបស់ក្រសួងស្ថាប័ន ។
កំណត់ឲ្យបានច្បាស់លាស់នូវមន្ត្រី ដែលបាននិងកំពុងបំពេញការងារ ជាក់ស្តែង នៅតាម រចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ។ ធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធទិន្នន័យតាម ព័ត៌មានវិទ្យាគ្រប់គ្រង ដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់គ្រង រចនាសម្ព័ន្ធ និងមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ននិងកែលម្អឲ្យកាន់តែប្រសើរនូវប្រព័ន្ធ បើកផ្តល់បៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង ៕ ប្រភព៖ កោះសន្តិភាព