ដំណឹងល្អ សម្រាប់បងប្អូនដែលកែច្នៃសំបុកត្រចៀកកាំ សូមដាក់ពាក្យទៅក្រសួងកសិកម្ម ដើម្បីនាំចេញទៅចិន
Heang
-

ប្រធានសហព័ន្ធសំបុកត្រចៀកកាំកម្ពុជា បានគាំទ្រចំពោះការអំពាវនាវរបស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដល់ម្ចាស់កន្លែងកែច្នៃ​បឋម​សំបុកត្រចៀកកាំ សម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀក​កាំជាលក្ខណៈគ្រួសារដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន មកដាក់ពាក្យស្នើសុំនៅក្រសួង។ លោកថា បច្ចុប្បន្នគឺមានក្រុមហ៊ុនចំនួន ៨ បានចុះឈ្មោះជាផ្លូវការ និងបានបញ្ជូនបញ្ជីឈ្មោះទៅកាន់ភាគីចិនរួចហើយ។ 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ ម្ចាស់កន្លែង​កែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ជ្រាបថា ពិធីសារដើម្បីនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំ សម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ណាង សុធី ប្រធានសហព័ន្ធសំបុកត្រចៀកកាំកម្ពុជា បានអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារទៅដាក់ពាក្យស្នើសុំឱ្យបានគ្រប់ៗគ្នា ដើម្បីអាចនាំចេញទៅកាន់ប្រទេសចិន។

លោក ណាង សុធី បានប្រាប់វិទ្យុបាយ័នទៀតថា បច្ចុប្បន្នគឺមានក្រុមហ៊ុនចំនួន ៨ បានចុះឈ្មោះជាផ្លូវការ និងបានបញ្ជូនបញ្ជីឈ្មោះទៅកាន់ភាគីចិនរួចហើយ ប៉ុន្តែលោកថានៅមានលក្ខខណ្ឌបច្ចេកទេសមួយចំនួនទៀតត្រូវបំពេញបន្ថែម។

លោក មានប្រសាន៍ដូច្នេះថា ៖ «នោះគឺជាការងាររបស់ថា្នក់ដឹកនាំក្រសួងកសិកម្មយើង ជាពិសេសអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើដែលត្រួតពិនិត្យការងារអភិរក្សសត្វត្រចៀកកាំនេះ។បើខ្ញុំចាំមិនខុសទេ មានក្រុមហ៊ុនចំនួន៨ បានចុះឈ្មោះជាផ្លូវការហើយ បានបញ្ជូនឈ្មោះទៅភាគីចិនរួចហើយ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខារួចហើយ ប៉ុន្តែនៅសល់ចំណុច ៣ ធំៗ គឺ ទី១ ប្រភពដើមសំបុកត្រចៀកកាំ, ទី២ ប្រសិនបើការនាំចេញទៅចិនហើយប៉ះពាល់ដល់បច្ចេកទេស មានន័យខុសស្តង់ដាដែលតម្កល់ថាតើត្រូវបញ្ជូនត្រឡប់មកវិញតាមវិធីណា? ទី៣ លទ្ធភាពនៃការប្រមូលផ្តុំសំបុក្រត្រចៀកកាំទូទាំងប្រទេស តើមានបរិមាណប៉ុន្មាន?»។

ក្រសួងកសិកម្ម បញ្ជាក់ទៀតថា បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយអនុលោម តាមបទដ្ឋានបច្ចេកទេសពាក់ព័ន្ធដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួលជាមួយភាគីគយចិនដើម្បីនាំចេញ។ សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំនេះ សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៩៣ ២៦៥ ៥២៦។

បើតាមការប៉ានស្មានមានផ្ទះអភិរក្សសត្វត្រចៀកកាំចន្លោះពី ៣ ៥០០ ទៅ ៥ ០០០ ផ្ទះ ប៉ុន្តែមានតែ ៧០០ផ្ទះប៉ុណ្ណោះ បានចុះបញ្ជីអភិរក្សនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផលិតកម្មសំបុកត្រចៀកកាំនៅកម្ពុជា ភាគច្រើនផលិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកំពត ខេត្តកោះកុង ហើយបច្ចុប្បន្នទីតាំងសាងសង់ផ្ទះត្រចៀកកាំបានរីកទៅដល់ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ព្រះវិហារ និងខេត្តជុំវិញបឹងទន្លេសាប ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាងសង់ច្រើនលើសលប់៕