បុរសម្នាក់បាត់ដង្ហើមក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រ.ន្ធ.ត់នៅក្រុងតាខ្មៅ
Heang
-

កាលពីវេលាម៉ោងប្រមាណជាង ៩ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យសង្វេគមួយបានកើតឡើងរវាងរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង និងម៉ូតូម៉ាក Honda Scoopy បណ្ដាលឲ្យអ្នកបើកបរម៉ូតូជាបុរសម្នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងត្រង់ចំណុចលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍បន្ទាន់តាមរយៈប្រព័ន្ធតេលេក្រាមផ្លូវការរបស់អង្គភាព អំពីករណីគ្រោះថ្នាក់នេះ លោកអធិការនគរបាលក្រុងតាខ្មៅ បានចាត់បញ្ជូនកម្លាំងនគរបាលជំនាញផ្នែកចរាចរណ៍ក្រុង ដោយមានការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ដើម្បីចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុជាបន្ទាន់។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចយកទៅតម្កល់ទុកជាបណ្ដោះអាសន្ននៅសាលនៃមន្ទីរពេទ្យបង្អែកជ័យជំនះ ដើម្បីរង់ចាំក្រុមគ្រួសារ និងសាច់ញាតិមកទាក់ទងទទួលយកទៅធ្វើបុណ្យតាមប្រពៃណី (ព័ត៌មានបខម) ៕ ប្រភព៖ The Real News