
(ភ្នំពេញ)៖ នាវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមជួបចរចាជាមួយ នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai នៅប្រទេសម៉ាឡេស៊ី។
ជំនួបនេះធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ដែលក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ដោយមានការសហការរៀបចំដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន ដើម្បីពិភាក្សាគ្នាសម្រេចឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាងកម្ពុជា-ថៃ។
កិច្ចចរចា នេះត្រូវបានប្រកាសរៀបចំឡើង ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យភាគីជម្លោះទាំង២ស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បាននិយាយថា រូបលោកផ្ទាល់ជឿថា កម្ពុជា-ថៃ ចង់ផ្សះផ្សាជម្លោះនឹងគ្នា បន្ទាប់ពីរូបលោកបានប្រាប់មេដឹកនាំនៃប្រទេសទាំង២ថា លោកនឹងមិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំង២ លុះត្រាតែការវាយប្រយុទ្ធគ្នាបិទបញ្ចប់៕ ប្រភព៖ Fresh News