មហាជនគ្រប់រូប បានសម្ដែងក្តីត្រេកអរ ក្រោយពេលក្មេងៗ ទាំង ១២ និងគ្រូបង្វឹកមួយរូបដែលបាត់ខ្លួនក្នុងរូងភ្នំថាំហ្លួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ ត្រូវបានរកឃើញវិញកាលពីយប់ថ្ងៃទី ០២ កក្កដា ឆ្នាំ ២០១៨ យប់មិញនេះ។ ខណៈនេះ ក្មេងៗនៅមានជីវិតទាំងអស់ គ្រាន់តែស្ថិតក្នុងសភាពល្ហិតល្ហៃខ្លាំង និងកំពុងត្រូវជួយសង្គ្រោះក្នុងរូងភ្នំនៅឡើយ។ យ៉ាងណាមិញ បើទោះបីជាពេលនេះគ្រប់គ្នាមានសុវត្ថិភាពក្ដី តែក៏នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងពីក្រសួងសុខាភិបាល និងពេទ្យជំនាញ ដោយសារតែក្នុងរូងភ្នំនេះគឺផ្ទុកទៅដោយមេរោគ។ ជាក់ស្ដែង សាស្រ្តាចារ្យល្បីឈ្មោះនៅប្រទេសថៃលោក Teerawat Hunjutta បានឲ្យដឹងថា អ្វីដែលគួរឲ្យបារម្ភនោះគឺ ក្មេងៗ អាចនឹងឆ្លងរោគពីការខាំរបស់សត្វផ្សេងៗ ដូចជាប្រចៀវ កណ្តុរ មូស ក៏ដូចជាចាញ់នឹងបរិយាកាសភ្នំ ដែលសុទ្ធតែអាចបង្កគ្រោះថា្នក់ទាំងអស់ ហើយមិនប្រាកដថាអាចជាជម្ងឺឆ្លង ឫអត់ឡើយ។ តែជាមួយគ្នានេះ លោកក៏បានឲ្យដឹងថា ក្រសួងសុខាភិបាលថៃបានត្រៀមយ៉ាងរួចរាល់ក្នុងការរៀបចំថ្នាំសង្កូវជូនដល់ពួកគេ ជាពិសេសក៏មានរៀបចំកុងត្រូលឆែកមេរោគនៅចំពីមុខល្អាងតែម្ដង ចៀសវាងកងកម្លាំង និងក្មេងៗ ដែលចេញពីក្នុងល្អាង ហើយនាំយកមេរោគឆ្លងមកជាមួយ។ ម៉្យាងការធ្វើបែបនេះ ក៏ងាយស្រួលឲ្យក្រុមគ្រូពេទ្យជំនាញធ្វើការព្យាបាល និងស្វែងរកថ្នាំបានទាន់ពេលផងដែរ៕
ប្រភព៖ komsan.khmernote